យុវតី កៅ ម៉េងហ័ង បានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្មវិធី Power For Girls នៃអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងញូវយក សហរដ្ឋអាមេរិក

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ យុវតី កៅ ម៉េងហ័ង បានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្មវិធី Power For Girls នៃអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងញូវយក សហរដ្ឋអាមេរិក តំណាងឱ្យយុវតីកម្ពុជា តាមរយៈកម្មវិធី Technovation ក្នុងគោលដៅលើកកម្ពស់ស្រី្ត និងក្មេងស្រី

កម្មវិធី Technovaiton Girls បានបណ្ដុះក្មេងស្រីឱ្យចាប់ផ្តើមចាប់អារម្មណ៍ជំនាញបច្ចេកវិទ្យាឌីជីថល សហគ្រិនភាព តាមរយៈកម្មវិធីក្រៅម៉ោងសិក្សា ធ្វើការងារជាក្រុម បង្កើតក្លឹបសិក្សាលើកម្មវិធីសរសេរកូដ និងបច្ចេកវិទ្យាឌីជីថល ឈានទៅបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីដោះស្រាយបញ្ហាដែលកើតមានជាក់ស្តែងក្នុងសហគមន៍។ នេះបើយោងតាមប្រភព ពីក្រសួងអប់រំ យុវជន និងកីឡា ។
ម៉េងហ័ង ប្រឡូកក្នុងវិស័យបច្ចេកវិទ្យាតាំងពីអាយុ១៥ឆ្នាំ ពោលគឺអំឡុងពេលសិក្សានៅថ្នាក់ទី៩។
កៅ ម៉េងហ័ង ជាយុវតីដែលលេចធ្លោម្នាក់ក្នុងវិស័យបច្ចេកវិទ្យា។ ជាក្មេងស្រីម្នាក់ ដែលមានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម ម៉េងហ័ង យល់ថា ខ្លួនបានផ្លាស់ប្ដូរ និងបានអភិវឌ្ឍ សមត្ថភាពជាច្រើន តាមរយៈការរៀនផ្នែកបច្ចេកវិទ្យា។

នាទីស្នាក់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ មីនា យុវតី ម៉េងហ័ង  បានថ្លែងសារទៅកាន់ថ្នាក់ដឹកនាំ សង្គមស៊ីវិលជាច្រើនមកពីជុំវិញពិភពលោក ក្នុងកម្មវិធីអំណាចសម្រាប់ក្មេងស្រី «វិនិយោគលើក្មេងស្រី ដើម្បីផ្លាស់ប្តូរពិភពលោក» (POWER4Girls: Invest in Girls, Transform the World)។
នាឱកាសនោះ កៅ ម៉េងហ័ង ចាត់ទុកឱកាសចូលរួមក្នុងវេទិកានេះជាកិត្តិយសដ៏អស្ចារ្យរបស់នាង ក្នុងនាមជាក្រុមផ្តល់ប្រឹក្សានារីទូទាំងពិភពលោកពីប្រទេសកម្ពុជា និងក្នុងនាមជាក្មេងស្រីនៅក្នុងវិស័យSTEM។ ម៉េងហ័ង លើកឡើងថា វាមិនត្រឹមតែបង្ហាញពីដំណើរជីវិតរបស់នាងនោះទេ ប៉ុន្តែបញ្ជាក់ពីការចូលរួមរបស់ក្មេងស្រី ដែលធ្វើសកម្មភាពរួមគ្នា ដើម្បីផ្លាស់ប្ដូរខ្លួនឯង និងសហគមន៍ទាំងមូល។

យុវតី ម៉េងហ័ង ថ្លែងទៅកាន់អ្នកចូលរួមដូច្នេះ៖«ខ្ញុំគ្រាន់តែជាក្មេងស្រីម្នាក់ ដែលមានសុបិនធំ ចង់ដឹងចង់ឃើញ និងស្រឡាញ់បច្ចេកវិទ្យា ប៉ុន្តែជាអកុសលខ្ញុំរស់នៅក្នុងបរិយាកាសដែលមនុស្សជឿថាក្មេងស្រីមិនគួរទៅឆ្ងាយ ក្មេងស្រីមិនគួរបន្តការសិក្សាថ្នាក់ឧត្តម ជាពិសេសបន្តក្តីស្រមៃរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យា»។

យ៉ាងណាក៏ដោយ ឧបសគ្គទាំងនេះ មិនអាចរារាំងជំហានដ៏ជឿជាក់របស់ ម៉េងហ័ង ឡើយ។ ម៉េងហ័ង បន្តថា បញ្ហាដែលរូបគេជួបប្រទះនេះ ក៏ជាឧបសគ្គជាប្រព័ន្ធសម្រាប់មនុស្សស្រីជាច្រើនផ្សេងទៀតកំពុងជួបប្រឈមដែរ។

«ប៉ុន្តែនៅទីនេះគឺជាអំណាចនៃសកម្មភាពរួម។ ខ្ញុំមានសំណាងដែលបានរកឃើញកម្មវិធីមួយឈ្មោះថា Technovation Girls ដែលខ្ញុំមានឱកាសធ្វើការជាមួយអ្នកណែនាំរបស់ខ្ញុំ សមាជិកក្រុមស្ត្រីរបស់ខ្ញុំ ដើម្បីដោះស្រាយបញ្ហាសហគមន៍ដោយប្រើបច្ចេកវិទ្យាជាឧបករណ៍»។ នេះជាការលើកឡើងរបស់យុវតី ម៉េងហ័ង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print