ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនីហ្វេសបុក ឈ្មោះ KPS BreakingNews បានបង្ហោះសារ ដែលមានខ្លឹមសារថា “(បឋម)ពលរដ្ឋរាយការណ៍មកថា ម្ដាយបង្កើតមកហើយច្របាច់ឲ្យស្លាប់យកបោះចោលក្នុងធុងសំរាម👇👇👇 “
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីខាងលើនេះ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់ឱ្យកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុមកំពង់សោម ធ្វើការស្រាវជ្រាវភ្លាមៗ ។
ជាលទ្ធផល ក្រោយពីអធិការដ្ឋាននគរបាលក្រុងកំពង់សោមអញ្ជើញឈ្មោះ ដេង ផល ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរសន្តិសុខយាមរោងចក្រសូឡា បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី ខ្លួនបានឃើញ វីដេអូនៅក្នុងហ្វេសបុក ដែលគេបង្ហោះសពទារកស្លាប់ក្នុងធុងសំរាម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ភ្លាមនោះ ខ្លួនបានយកវីឌីអូនោះ ផ្ញើចូលទៅ ផេកសារព័ត៌មាន សោមភក្ត្រា និងបាននិយាយរៀបរាប់ថា សពទារកនេះ ម្តាយច្របាច់ក ឱ្យស្លាប់ រួចចោលក្នុងធុងសំរាម ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង។
បន្ទាប់ពីសមត្ថកិច្ច បានសួរនាំ និងពន្យល់ណែនាំរួចមក ឈ្មោះ ដេង ផល បានដឹងពីកំហុស ដែលបានចែកចាយព័ត៌មានដែលគ្នានមូលដ្ឋានច្បាស់លាស់ក្នុងបណ្ដាញសង្គម ហើយនិយាយបន្ថែមខុសពីការពិត នាំឱ្យមានយល់ច្រឡំ និងបានសន្យាថា ឈប់ចែកចាយព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ឫតាមគេដោយមិនមានមូលដ្ឋានជាក់លាក់បង្កឱ្យមានភាពភ្ញាក់ផ្អើលបែបនេះតទៅទៀតឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២៥ វេលាម៉ោង ១១និង២៣នាទីនៅក្នុងរោងចក្រ រ៉ុនយ៉ាង & រុនជា ក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅសង្កាត់បិតត្រាំង មានស្រ្តីម្នាក់ឈ្មោះ សោ ខែ បានទៅបត់ជើងក្នុងបន្ទប់ទឹកក៏កើតទារកជាកូនមក ដោយនាងពុំដឹងថាខ្លួនមានទម្ងន់ពីពេលណាមកទេ ។ ពេលឃើញសភាពទារកធ្លាក់មកពុំមិនមានដង្ហើម នាងជាម្តាយក៏ខំព្យាយាមយកក្រដាស់ជូត, កៀរជូតក្នុងមាត់ និងទះសង្កត់ទ្រូង ដើម្បីសង្គ្រោះ តែទារកនៅតែមិនមានដង្ហើមដដែល ។
ស្នងការដ្ឋាននគរបាលខេត្ត សូមបញ្ជាក់ថា ហេតុការណ៍នេះ គឺទារកស្លាប់ក្នុងផ្ទៃ ហើយបានកើតចេញមក ត្រូវម្តាយយកទៅវត្តបញ្ចុះរួចរាល់ និងសូមអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការចែករំលែកនូវព័ត៍មានដែលពុំមានមូលដ្ឋានច្បាស់លាស់ និងបំពុងសង្គមតទៅទៀត ៕