លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី៖​ ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការរងរាជធានី-ខេត្ត ត្រូវធ្វើបច្ចុបុ្បន្នភាពបញ្ជីគ្រប់គ្រងពលករចំណាកស្រុកឱ្យបានច្បាស់លាស់

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នៅសាលសន្និបាតអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥នេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មានរយៈពេល០១ថ្ងៃពេញ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ស៊ូ ប៊ុនសួរ អនុប្រធានសេនាធិការដ្ឋាន, លោកឧត្តមសេនីយ៍ត្រី តាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក/លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ/នាយរងការិយាល័យនិងមន្ត្រីទាំងអស់ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក/លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្តសរុបចំនួន១៥៧នាក់ ស្រី៣៩នាក់។

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឡើងរាយការណ៍សង្ខេបស្តីពីលទ្ធផលកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២៤ និងបណ្តាស្នងការរង នាយការិយាល័យដែលបានចូលរួមលើកឡើងបទអន្តរាគមន៍ ពីបញ្ហាប្រឈម សំណូមពរ ក៏ដូចជាដំណោះស្រាយរួចមក លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានឯកភាពនិងគាំទ្រតាមរបាយការណ៍ និងគាំទ្រការចូលរួមធ្វើបទអន្តរាគមន៍ពីបណ្តាស្នងការរាជធានីខេត្ត ហើយក៏សូមទទួលយកសំណូមពរមួយចំនួន បញ្ហាប្រឈម យកមកដោះស្រាយផងដែរ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ សូមឲ្យស្នងការរាជធានីខេត្តពង្រឹងសមត្ថភាពឡើងវិញ ក្នុងការឡើងរាយការណ៍ ឬឡើងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យចំណុច ឲ្យចំបញ្ហា ទាំងបញ្ហាប្រឈមនិងសំណូមពរ។ លោកបានសង្កត់ធ្ងន់ថា លោកប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការរងរាជធានី-ខេត្ត ត្រូវធ្វើបច្ចុបុ្បន្នភាពបញ្ជីគ្រប់គ្រងពលករចំណាកស្រុកឱ្យបានច្បាស់លាស់។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការងារហតឡាញ ១២៨៨ លោកសូមឲ្យ ប្រធាននាយកដ្ឋាន ត្រូវពង្រឹងក្រុមការងារហតឡាញនេះឲ្យមានប្រសិទ្ធភាព ។ បើមានការរអាក់រអួល ឬមានបញ្ហាអ្វីមួយ ក្រុមការងារហតឡាញ ត្រូវរាយការណ៍បន្ទាន់អំពីបញ្ហាដើម្បីរកដំណោះស្រាយ។

លោកឧត្តមសេនីយ៍ឯក​ បន្ថែមដល់ស្នងការរងរាជធានី-ខេត្ត សូមធ្វើការរួមគ្នា សហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងដាច់ខាត និងផ្តន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់ ។ មន្រ្តីនគរបាលយុត្តិធម៌ ធ្វើយ៉ាងណាត្រូវតែចូលរួមអនុវត្តច្បាប់ កុំពាក់ព័ន្ធបទល្មើស។

...

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការរងរាជធានី-ខេត្ត ដែលទទួលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងសូមជូនពរ ឲ្យការធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព និងពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print