ភ្នំពេញ៖ តបតាមការចាត់តាំងរបស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Nguyen Xuan Giao នាយកប្រតិបត្តិ ភ្នាក់ងារវិនិយោគអូម៉ង់-វៀតណាម (Vietnam-Oman Investment) និង លោក Harith Al khadhoori ភ្នាក់ងារទំនាក់ទំនងទីផ្សារសកល នៃអាជ្ញាធរវិនិយោគអូម៉ង់ (Oman Investment Authority) កាលពីថ្ងៃទី១៨ ខែមីនាម្សិលមិញនេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា មានមតិស្វាគមន៍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រតិភូទាំងពីររូប ដែលបានចំណាយ ពេលអ ញ្ជើញមកកម្ពុជាដោយផ្ទាល់និងបានផ្តល់ជូនប្រតិភូទាំងពីររូប អំពីការកត់ត្រាជាប្រវត្តិសាស្ត្រ នៃកំណើនការចុះបញ្ជីគម្រោងវិនិយោគនាឆ្នាំ២០២៤កន្លងមកដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានបញ្ជាក់ជូនប្រតិភូទាំងពីររូបអំពីភាពបើកចំហរនៃរបបវិនិយោគនៅកម្ពុជា ដោយវិនិយោគិនបរទេសក៏អាចវិនិយោគ១០០% ក្នុងវិស័យជាច្រើនដែលរួមមាន វិស័យកសិកម្ម កម្មន្តសាល ទេសចរណ៍ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយទទួលបាននូវការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ ដូចវិនិយោគិនកម្ពុជាដែរ។
លោកអគ្គលេខាធិការរង ក៏បានរំលេចជូនប្រតិភូទាំងពីររូបផងដែរអំពីកត្តាសំខាន់ៗមួយចំនួនទៀត ដែលជាភាពទាក់ទាញរបស់កម្ពុជាចំពោះការវិនិយោគផ្ទាល់ពីបរទេស ខណៈស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ាកំពុងស្ថិតក្នុងវិបត្តិនៃសង្គ្រាម។
ជាការឆ្លើយតប លោក Nguyen Xuan Giao បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនិងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាក្នុងការជំរុញវិនិយោគ ឱ្យទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ បន្ទាប់ពីបានទទួលការឆ្លើយតបទៅនឹងសំណួរមួយចំនួនពាក់ព័ន្ធនឹងរបបគតិយុត្តិ និងគោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ថា ស្ថាប័នរបស់លោកកំពុងពិចារណាវិនិយោគបន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យថាមពលបៃតង ដើម្បីសន្តិសុខស្បៀងនិងថាមពល ព្រមទាំងបានបង្ហើបអំពីឆន្ទៈស្វែងរកដៃគូក្នុងប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា ជាងមួយទសវត្សមកនេះ អាជ្ញាធរវិនិយោគអូម៉ង់ បាននិងកំពុងវិនិយោគលើគម្រោងមួយចំនួន នៅក្នុងតំបន់ក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ភស្តុភារកម្ម អចលនទ្រព្យ ទឹកស្អាត បច្ចេកវិទ្យា និង សេវាកម្មលក់រាយជាដើម ដោយទុនវិនិយោគទាំងនេះ គឺជាទុនបម្រុងពីការលក់ប្រេងរបស់រដ្ឋាភិបាលអូម៉ង់ផ្ទាល់តែម្តង៕
ដោយ៖តារា