ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា រយះពេលកន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន និងប្រជាពលរដ្ឋ បានប្រឹងប្រែងរួមគ្នា បង្កើតវប្បធម៌នៃការចូលរួមលើកកម្ពស់ភាពជាម្ចាស់ការ តម្លាភាព គណនេយ្យភាពនៃការឆ្លើយតបបរិយាប័ន្ន និងសមធម៌។
សម្តេចធិបតី បានថ្លែងបន្តថា នេះជាគោលការណ៍គន្លឹះនៃអភិបាលកិច្ចល្អ និងជាស្នូលនៃយុទ្ធសាស្ត្រនៃចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មអភិបាលកិច្ចស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ដើម្បីធានានិរន្តរ៍ភាពតួនាទី និងដំណើរការរដ្ឋបាលសាធារណៈ ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមទាំងកសាងជាតិ ដែលមាននីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន និងចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅសណ្ខាគារសុខាភ្នំពេញ។
សម្តេចបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវសិក្សារៀបចំការផ្ដល់មេដាយលើកទឹកចិត្តដល់មន្ត្រី និងគ្រូៗជាប់កិច្ចសន្យា ដែលខិតខំ បំពេញការងារជួយសង្គមជាតិ។
សម្តេចបវរធិ បតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ចំពោះការលើកទឹកចិត្តដល់មន្រ្ដី កន្លងមកធ្លាប់បានលឺថា មន្រ្ដីកិច្ចសន្យា ឬគ្រូជាប់កិច្ចសន្យាមិនទទួលបានមេដាយនោះទេ ដោយទទួលបានត្រឹមលិខិតសសើរប៉ុណ្ណោះ ចំពោះករណីនេះសូមឯកឧត្តម វង្សី វិស្សុត គួរតែរៀបចំកិច្ចការងារនេះ ដោយសារតែសូម្បីតែស៊ីវិល ដែលចូលរួមកិច្ចការងារសង្គម ក៏ទទួលបានមេដាយមាសដែរ ដូច្នេះមន្រ្ដី ឬគ្រូកិច្ចសន្យាគួរតែផ្ដល់ឲ្យពួកគាត់ ព្រោះមិនមានអ្វីដែលលំបាកនោះទេ»។
សម្ដេចបវរធិបតីបញ្ជាក់ថា កិច្ចការងារជួយសង្គម ការងារបង្រៀនសិស្សនេះ ជាការងារជួយសង្គមខ្លាំងណាស់។ ពិតណាស់សប្បុរសជនបានបរិច្ចាគធនធាន ថវិកាផ្ទាល់ខ្លួនជួយកសាងនានា ដូច្នេះយើងបានផ្ដល់ជូនមេដាយទៅកាន់ពួកគាត់ ចំពោះគ្រូបង្រៀនពិតណាស់ថា ធ្វើកិច្ចការទៅតាមកាតព្វកិច្ច ប៉ុន្ដែការចូលរួមរបស់ពួកគាត់ គឺខុសគ្នាត្រង់ថា គ្រូមានក្របខណ្ឌ និងគ្រូមួយទៀតមិនមានក្របខណ្ឌប៉ុណ្ណោះ ប៉ុន្ដែកិច្ចការងារការជួយបង្រៀនសិស្ស គឺដូចតែគ្នាទេ។
សម្តេចបវរធិ បតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមឲ្យគោលការណ៍នេះទៅខាង ទីស្ដីការគណៈរដ្ឋមន្រីគួរតែសិក្សា លើការផ្ដល់ជូនមេដាយទៅកាន់មន្រ្ដី ឬគ្រូជាប់កិច្ចសន្យា គួរតែផ្ដល់មេដាយទៅកាន់ពួកគាត់ សម្រាប់ចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ សូមរៀបចំកិច្ចការងារនេះ»៕
ដោយ ៖ សិលា