ភ្នំពេញ÷“ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់គ្នា មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈតែមួយនោះទេ […] កន្លងមកការអនុវត្តវិធានការគន្លឹះទាំង៣ ទទួលបានផលជះជាវិជ្ជមានជាច្រើន។ ” នេះជាការលើកឡើងរបស់ លោក ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
នៅក្នុងបទបង្ហាញទី២ ស្តីពី «វឌ្ឍនភាពនៃការដឹកនាំ និងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ»
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ លោកឈុន សុជាតិ អគ្គលេខាធិការនៃអគ្គ លេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានរៀបរាប់អំពីការងារជាច្រើនដែលសម្រេចបាន ជុំវិញការងារកែទម្រង់រដ្ឋបាលសាធារណៈ។ លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា “ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់គ្នា មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈតែមួយនោះទេ […] កន្លងមកការ អនុវត្តវិធានការគន្លឹះទាំង៣ ទទួលបានផលជះជាវិជ្ជមានជាច្រើន។ ”
តាមរយៈបទបង្ហាញរបស់អគ្គលេខាធិការ ផលជះចេញពីការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈមានដូចតទៅ៖
ផលជះជាវិជ្ជមាននៃការអនុវត្តវិធានការគន្លឹះទី១៖ ១).លើកកម្ពស់អភិបាលកិច្ចល្អ និងសុចរិតភាពនៅក្នុងរដ្ឋបាលសាធារណៈ ២).បង្កើនជំនឿទុកចិត្តលើយន្តការការប្រឡង និងប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ,៣).ទាក់នទាញអ្នកមានសមត្ថភាពឱ្យចូល បម្រើការងារក្នុងរដ្ឋបាលសាធារណៈ ៤).បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ៥).ជ្រើសរើសមន្ត្រីបានតម្រូវការ និងស្របតាមមុខតំណែង នឹងវិជ្ជាជីវៈ ៦).បន្ថែមដល់សិស្ស និស្សិត មន្ត្រីរាជការ និងសាធារណជន ៧).កាត់បន្ថយចំណាយបន្ទុកបុគ្គលិក របស់រាជរដ្ឋាភិបាល និង ៨).ផ្តល់នូវឱកាសការងារជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា។
ផលជះជាវិជ្ជមាននៃការអនុវត្តវិធានការគន្លឹះទី២៖ ១).ក្រសួង ស្ថាប័ន បាន ចាប់ផ្តើមផ្តល់ការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ក្នុងការចូលរួម ពិនិត្យស្ថានភាពសុខភាពរបស់ក្រសួង ស្ថាប័ន ២).ក្រសួង ស្ថាប័ន បានពង្រឹងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង វត្តមានរបស់មន្ត្រី ៣).ក្រសួង ស្ថាប័ន បានគិតគូរក្នុងការរៀបចំនិយាមនីតិវិធីនៃការផ្តល់សេវាសាធារណៈ និងការកែលម្អសេវាសាធារណៈដែលទទួល បន្ទុក ៤).ក្រសួង ស្ថាប័ន បានគិតគូរក្នុងការរៀបចំនិយាមនីតិវីធីប្រតិបត្តិសម្រាប់អង្គភាពក្រោមឱវាទក្នុងគោលដៅពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ និង ៥).ចូលរួមកាត់បន្ថយ ចំណាយដែលមិន ចាំបាច់និងមិនចំគោលដៅ ឬ ចំណាយលើមុខងារដែលស្ទួន។
ផលជះជាវិជ្ជមាននៃការអនុវត្តវិធានការគន្លឹះទី៣៖ ១).លើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីរាជការស៊ីវិលក្នុងការបំពេញតួនាទីឱ្យកាន់តែប្រសើរឡើង ២).បង្កើនផលិតភាពការងារ បង្កើតគំនិតផ្តួចផ្តើមនិងនវានុវត្តន៍ និងផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនប្រជាពលរដ្ឋ ៣).មន្ត្រីរាជការមានការ ខិតខំបង្កើនសមត្ថភាព អភិវឌ្ឍជំនាញ និងការប្រកួតប្រជែង ដើម្បីភាពរីកចម្រើនរបស់ខ្លួន និងស្ថាប័ន និង ៤).ចូលរួមលើកកម្ពស់វិស័យអាទិភាព ដូចជាអប់រំ និងសុខាភិបាលឱ្យកាន់តែមានភាពល្អប្រសើរ៕