ភ្នំពេញ៖ នាថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦នេះ នៅភូមិជេីងឯក សង្កាត់ជេីងឯក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ ដឹកនាំដោយ លោក នុត ពុធដារ៉ា ប្រធានកិត្តិយសអនុសាខា ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្តជេីងឯក និងព្រះចៅអធិការវត្តព្រែកជ្រៃ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរាមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ដែលមកពី៦ភូមិ ក្នុងសង្កាត់ជេីងឯក ។
ក្នុងឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌ សម្បុរអ្វីទាំងអស់ ។
អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន៣មុឺនរៀល ។
បន្ទាប់មក ក្រុមការងារបាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មកចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឧបាសិកា ប៉ុក ឡៃ ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៧១ឆ្នាំ ព្រមទាំងបានចូលបុណ្យជាបច្ច័យចំនួន២០មុឺនរៀល អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងព្រះចៅអធិកាវត្តព្រែកជ្រៃបច្ច័យ១០មឺុនរៀល ៕
ដោយ៖ សីលា