កំណែទម្រង់និងការបើកទូលាយ គឺជាមាគ៌ាឈ្នះ-ឈ្នះសម្រាប់ប្រទេសចិននិងពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ ផ្តើមពីចក្ខុវិស័យនាំប្រទេសដើរតាមមាគ៌ាទំនើបកម្មសង្គមនិយម ប្រទេសចិនបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយបើកទូលាយតាំងពីឆ្នាំ១៩៧៨មក។ តាមរយៈគោលនយោបាយនេះបានចាក់បញ្ចូលកម្លាំងដ៏ខ្លាំងក្លាដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ហើយបាននាំប្រទេសចិនចូលរួមចំណែកដល់ការអភិវឌ្ឍសកល។ តាមរយៈវិធានការបើកទូលាយជាដំណាក់ៗ ប្រទេសចិនបានជំរុញកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ដោយរួមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ការលើកទឹកចិត្តនិងជំរុញការវិនិយោគពីបរទេស និងការអភិវឌ្ឍពាណិជ្ជកម្មបរទេស។ បន្ទាប់ពីចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាចុងឆ្នាំ២០០១ ប្រទេសចិនបានលើកទឹកចិត្តធ្វើឱ្យប្រសើរឡើងដល់ឧស្សាហកម្មក្នុងប្រទេស និងទីផ្សារឱ្យមានលក្ខណៈស្តង់ដារ ដែលនាំឱ្យទីផ្សាររបស់ប្រទេសចិនមានភាពធន់រឹងមាំធ្វើសមាហរណកម្មបន្ថែមទៀតទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ ជាលទ្ធផល កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ បានរំលេចថាផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៤មានចំនួន១៣៤,៩០៨.៤០ពាន់លានយាន់ កើនឡើង៥% ហើយផលិតផលស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗ បានកើនដល់ប្រមាណ១៣,០០០ដុល្លារអាមេរិក។

ក្នុងអំឡុងពេលដំណើរការកំណែទម្រង់ ប្រទេសចិនផ្តោតលើវិធានការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយបានប្រើប្រាស់នូវមធ្យោបាយដ៏មានប្រសិទ្ធផលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើឱ្យជនបទកាន់តែមានវិបុលភាព ដោយបង្កើនសុភមង្គលជូនដល់ប្រជាជនទាំងអស់ ដែលជាការបង្កើតអព្ភូតហេតុដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិលើការកាត់បន្ថយភាពក្រីក្រ ជាក់ស្តែងនៅឆ្នាំ ២០២០ ប្រទេសចិនបានសម្រេចគោលដៅកាត់បន្ថយភាពក្រីក្ររបស់ខ្លួនតាមការគ្រោងទុក ហើយប្រជាជនក្រីក្រនៅតាមជនបទប្រមាណ១០០លាននាក់ត្រូវបានងើបចាកផុតពីភាពក្រីក្រ។ គំរូភាពនៃទំនើបភាវូបនីយសង្គមនិយមតាមបែបចិន មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចបៃតងទាំងក្នុងប្រទេសនិងទាំងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវវិបុលភាពរួមនៃសហគមន៍រួមជីវិតដែលជាគោលការណ៍គ្រឹះនៃអរិយធម៌អេកូឡូស៊ី ដែលជាស្មារតីគាំទ្រយ៉ាងមុតស្រួចដល់ការការពារបរិស្ថានដែលបានចារឹកក្នុងផែនការ៥ឆ្នាំលើកទី១៤ ប្រទេសចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងនាមជាគំរូនៃសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ដោយក្នុងនោះដោយមិនរាប់ពីផ្ទៃដីប្រមាណ២៥%ដែលពោរពេញដោយដើមឈើបានជំរុញប្រទេសចិនដើរយ៉ាងស្វាហាប់ទៅកាន់គោលដៅនៃ «ការបំភាយកាបូនទាប និងអព្យាក្រឹតភាពកាបូន»តាមរយៈការអភិវឌ្ឍថាមពលកកើតឡើងវិញ និងជាជើងឯកនៃការអភិវឌ្ឍសកលបៃតង។

រយៈពេល៤៧ឆ្នាំនៃគោលនយោបាយកំណែទម្រង់ និងការបើកចំហ ប្រទេសចិនបានក្លាយជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦មក ការរួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានលើសពី៣០% ដែលនេះជាកម្លាំងដ៏សំខាន់ជំរុញពាណិជ្ជកម្ម និងការវិនិយោគពិភពលោក។ ភាពលេចធ្លា និងភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់ចិន បានផ្តល់តួនាទីកាន់តែសកម្មបន្ថែមទៀតដល់ប្រទេសចិនក្នុងអភិបាលកិច្ចសកល ដែលក្នុងនោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយមានការគាំទ្រហិរញ្ញវត្ថុពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្រទេសចិនបាន ផ្តល់វេទិកាសហប្រតិបត្តិការថ្មី និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ធ្វើទំនើបកម្មសង្គមរបស់ខ្លួនឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន។

ដោយជ្រោងទង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ប្រទេសចិនបន្តជាប់ជានិច្ចនូវការប្រកាន់ខ្ជាប់មាគ៌ានៃការអភិវឌ្ឍឈរលើសន្តិភាពក្នុងចរន្តពហុភាគីនិយម ព្រមទាំងជាលំនឹងសកលដែលរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក ។ មិនថាលើវិស័យសេដ្ឋកិច្ចដូចជាRCEP ឬការផ្តល់វ៉ាក់សាំងនិងជំនួយផ្នែកវេជ្ជសាស្រ្តនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនោះទេ ប្រទេសចិនតែងបង្ហាញជាប់ជានិច្ចនូវទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសមហាអំណាច និងគិតគូរដល់ផលប្រយោជន៍របស់មនុស្សជាតិ។ បន្ថែមពីលើនេះ ស្ថិតនៅក្នុងបរិបទមិននឹងនរនៃសេដ្ឋកិច្ចសកល រួមជាមួយកម្លាំងប្រកួតប្រជែងស្របតាមនិន្នាការយុគសម័យទីផ្សារសេរី បានផ្តល់កម្លាំងចលករជំរុញឱ្យក្រុមហ៊ុនចិនបង្កើនប្រសិទ្ធភាព និងនវានុវត្តកាន់តែខ្ពស់លើវិស័យបច្ចេកវិទ្យា។ ជាលទ្ធផល បន្ទាប់ពីការបើកដំណើរការឧស្សាហកម្មរថយន្តដោយបានឆ្លងកាត់ការផ្លាស់ប្តូរពី «ទីផ្សារសម្រាប់បច្ចេកវិទ្យា» ទៅជានវានុវត្តភាពជឿនលឿនហួសពីការស្មានរបស់ពិភពលោក ជាក់ស្តែង កាលពីឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD រកបានប្រាក់ចំណូលក្នុងទំហំទឹកប្រាក់ប្រមាណ១០៧ពាន់លានដុល្លារដែលធ្វើឱ្យមានភាពខ្លាំងនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន។ កិច្ចខិតខំផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនមិនត្រឹមបានចូលរួមនៅក្នុងការបង្កើនផលិតផលប្រើប្រាស់ថាមពលកកើតឡើងវិញដែលមានគុណភាពល្អនិងតម្លៃសមរម្យចូលក្នុងទីផ្សារសកលប៉ុណ្ណោះ ថែមទាំងបានចូលរួមពង្រីកនិងពន្លាតការអភិវឌ្ឍសកលបៃតងនិងការអភិវឌ្ឍនៃឧស្សាហកម្មនវានុវត្តទាន់យុគសម័យបច្ចេកវិទ្យាទំនើប ព្រមទាំងឆ្លើយតប ទាន់ពេលវេលា មកដល់នៃគោលដៅរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ថែមទៀតផង។

...

ជារួម ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយរូប ខ្ញុំយល់ថា បទពិសោធន៍មហិមាដែលខ្លួនទទួលបានពីការសាកល្បងនានាក្នុងរយៈពេលកន្លះសតវត្សរ៍នេះ បានលើកទឹកចិត្តដល់ប្រទេសចិននឹងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការបើកចំហកាន់តែទូលាយដោយជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក។ បទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិនបង្ហាញថា ការបើកចំហនាំមកនូវវឌ្ឍនភាព កំណែទម្រង់ជំរុញភាពរឹងមាំ ហើយមានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះដែលអាចនាំទៅរកលទ្ធផលឈ្នះ-ឈ្នះ។ នៅក្នុងដំណើរការនៃការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ប្រទេសចិននឹងបន្តលើកកម្ពស់វិបុលភាពសកលតាមរយៈការអភិវឌ្ឍរបស់ខ្លួន និងរួមគ្នាប្រកៀកស្មារជាមួយប្រទេសដទៃទៀតក្នុងពិភពលោកដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ៕

ដោយ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print