ហេតុការណ៍វាយប្រហារគ្រាប់បែកអត្ដឃាតរយៈពេលកន្លងមកបានសម្លាប់មនុស្សរាប់រយនាក់ ប៉ុន្ដែនៅមានមនុស្សជាច្រើនងឿងឆ្ងល់ថា ហេតុអ្វីភេរវករក៏ជាមនុស្សដែរម៉េចក៏មិនខ្លាចស្លាប់ដោយឱបគ្រាប់បែកបំផ្ទុះខ្លួនឯងគ្មានសល់សាកសពយ៉ាងដូច្នេះ?
កាលពីខែតុលា ឆ្នាំ២០១៥ ភេរវករវាយប្រហារគ្រាប់បែកអត្ដឃាត២នាក់បានបំផ្ទុះគ្រាប់បែកនៅមុខស្ថានីយរថភ្លើង សម្លាប់មនុស្សដល់ទៅជាង ១០០នាក់ ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមភេរវករបាន បើកការវាយប្រហារបាញ់រះនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្លាប់មនុស្ស ១៣០នាក់។ នៅថ្ងៃទី២២ ខែមីនា មានករណីវាយប្រហារគ្រាប់បែកដល់ទៅ៣ លើកនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក សម្លាប់មនុស្ស ៣១នាក់ និងជាង ១០០នាក់រងរបួស ។
ការវាយប្រហារទាំងនោះគឺជាស្នាដៃរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។ កាលពីថ្ងៃទី២៧ ខែមីនា ក៏មានការវាយប្រហារ គ្រាប់បែកអត្ដឃាតសម្លាប់មនុស្សដល់ទៅ ៦៩នាក់ និងជាង ៣០០នាក់រងរបួស ភាគច្រើនជាស្ដ្រីនិងកុមារនៅក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្ដែការវាយប្រហារនាពេលនោះជាស្នាដៃរបស់ក្រុមតាលីបង់ នៅក្នុងប្រទេសប៉ាគីស្ថាន ។
ការវាយប្រហារភេរវកម្មអត្ដឃាតមិនមែនទើបតែកើតឡើងនៅពេលនេះទេ គឺបានកើតឡើងជាយូរឆ្នាំមកហើយ។ តាមតួលេខបណ្ដោះអាសន្នរបស់អាមេរិកគិតចាប់តាំងពីការវាយប្រហារអត្ដឃាតទៅលើស្ថានទូតអាមេរិកនៅទីក្រុងបៃរូត ប្រទេសលីបង់ កាលពីខែមេសា ឆ្នាំ១៩៨៣ មកទល់ពេលនេះមានការវាយប្រហារអត្ដឃាតរហូតដល់ទៅ៤.៨០០លើកនៅទូទាំងពិភពលោក។ ក្រោយការវាយប្រហារម្ដងៗ តែងតែមានសំណួរជាច្រើនចោទសួរឡើងថា ហេតុអ្វីបានជាភេរវករមិនខ្លាចស្លាប់ ?
មានសំណួរពីរសំខាន់ៗបានសួរថា ហេតុអ្វីបានជាក្រុមភេរវករជ្រើសរើសការវាយប្រហារគ្រាប់បែកអត្ដឃាត? ហេតុអ្វីជនដែលបានជ្រើសរើសចូលក្នុងក្រុមបានត្រៀមខ្លួនដើម្បីស្លាប់ ?
មនុស្សជាច្រើនបានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងជឿជាក់ថា ក្រោយការលះបង់ជីវិតដើម្បីសង្គ្រាមអាទិទេពនឹងបាន ឡើងទៅកាន់ឋានសួគ៌ជាទីកន្លែងដែលមានទេពអប្សរបរិសុទ្ធរហូតដល់ទៅ ៧២នាក់កំពុងតែរង់ចាំនៅក្នុងវិមានដ៏ស្កឹមស្កៃ។ ប៉ុន្ដែការពិតនោះជាទស្សនៈខុសប៉ុណ្ណោះ។ នៅក្នុងគម្ពីគួរអាន សាសនាអ៊ិស្លាមមិនបានសរសេរបែបនោះឡើយ ។
ជាមួយនឹងសំណួរខាងលើមជ្ឈមណ្ឌលស្រាវជ្រាវពីភេរវកម្មអត្ដឃាត CTD នៅអូស្ដ្រាលីបានប្រកាសថា ក្រុមអ៊ិវស្លាម ជ្រុលនិយមងប់ងុលនឹងអបិយជំនឿ ហើយត្រូវបានបញ្ចូលមនោគមន៍ដើម្បីឲ្យបើកការវាយប្រហារ។ ប៉ុន្ដែការវាយប្រហារអត្ដឃាតកើតចេញពីមូលហេតុជាច្រើនតាំងពីនយោបាយដឹកនាំចិត្ដសាស្ដ្រជាដើម ។
លោក Robert Page មកពីមហាវិទ្យាល័យជីកាហ្គោ សហរដ្ឋអាមេរិក ផ្នែកស្រាវជ្រាវបានបញ្ជាក់ថា ការវាយប្រហារអត្ដឃាត់បានកើតឡើងជាយូរណាស់មកហើយ ដូចជាការវាយប្រហាររបស់ក្រុម IS ទៅលើបារាំង បែលហ្ស៊ិក ទួរគី។ល។ គឺជាការសងសឹកទៅនឹងសកម្មភាពវាយប្រហារទៅលើក្រុមរបស់ខ្លួន ។៕
ប្រែសម្រួល៖ ម៉ែវ សាធី