សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខទៅមីយ៉ាន់ម៉ា និងថៃ ដែលរងគ្រោះរញ្ជួយដី

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសាររំលែកទុក្ខដល់ លោក មីន អ៊ុងឡាំង មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ដែលប្រទេសទាំងពីរនេះបានរងគ្រោះរញ្ជួយដី។ នេះបើតាមលិខិតសាររំលែកទុក្ខដាច់ដោយឡែក ដែលចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ម្សិលមុិញ។
ក្នុងសាររំលែកទុក្ខទាំងពីរនេះ  សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះប្រទេសថៃ និងមីយ៉ាន់ម៉ា ក្នុងការជួបគ្រោះរញ្ជួយដី ដែលបណ្ដាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សស្លាប់ និងរងរបួសជាច្រើន។
ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បានចូលរួមរំលែកទុក្ខដល់ប្រទេសទាំងពីរ និងក្រុមគ្រួសារជនរងគ្រោះ និងជូនពរឱ្យអ្នករបួសនៃប្រទេសទាំងពីរឆាប់ជាសះស្បើយ។ តាមរយៈស្ថានទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា និងថៃ  រដ្ឋាភិបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ដែលអាចមានគ្រោះថ្នាក់ក្នុងគ្រោះមហន្តរាយនេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស ដែលបញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានរបាយការណ៍ ពីជនជាតិខ្មែរបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនេះឡើយ។
គួរជម្រាបថា មីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ ដោយមានជម្រៅ១០គីឡូម៉ែត្រ នៅក្នុងក្រុង Sagaing  ដោយមានមនុស្សយ៉ាងហោចណាស់ ៦៩៤នាក់ បានបាត់បង់ជីវិត របួសជាច្រើននាក់ និងអ្នកស្លាប់អាចបន្តកើនឡើង។ រីឯប្រទេសថៃ បានរង រំញ័រកើតចេញពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកម្រិត ៧,៧រិចទ័រ បានធ្វើឱ្យបាក់រលំអគារ៣០ជាន់ ដែលមានមនុស្សចំនួន ៨១នាក់ជាប់ក្នុងអគារ ។ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមីនានេះ ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនៅថៃ កើនដល់១៧នាក់ហើយ ដោយក្នុងនោះអ្នកស្លាប់ទាំង១០នាក់ ត្រូវបានរកឃើញនៅការដ្ឋានសំណង់អគារការិយាល័យសវនកម្មរដ្ឋ ដែលបានដួលរលំបន្ទាប់ពីគ្រោះរញ្ជួយដីនេះ។
ក្រៅពីនេះ មនុស្ស៣២ នាក់បានរងរបួស និង៨៣នាក់ទៀតកំពុងបាត់ខ្លួន។
នេះបើយោងតាមតួលេខដែលចេញផ្សាយដោយមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់វេជ្ជសាស្រ្ដ Erawan របស់ទីក្រុងបាងកក ៕

ដោយ ៖ សិលា (រូបភាព AP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print