ខេត្តបន្ទាយមានជ័យ: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃ ទី៣០ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង០៩និង១៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆយ ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីចោរលួចម៉ូតូ ប្រព្រឹត្តកាលពីវេលាម៉ោង០៩ និង០៣នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហេីយក៏ត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗតែម្តង។ បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់ទីតាំងកើតហេតុ ហើយនាំខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ម៉េន ម៉ែន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកហុងដា ស៊ូមម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ១HA-១៩៧០ ហើយមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងចាត់កាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕
ដោយ៖ វណ្ណា