ភ្នំពេញ៖ ទីបំផុតការប្រកួតកីឡា ប្រដាល់ដណ្តើមពានរង្វាន់ TV5 Knock Out រកបានបេក្ខជនដើម្បីបង្រ្គប់១៦នាក់ សម្រាប់បន្តការប្រកួតដំណាក់កាលទី២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ គឺកីឡាករ ប៊ុន សុធា មកពីក្លិប កងពលធំអន្តរាគមន៍ និងកីឡាករ គឿម សុវណ្ណឌឿត មកពីក្លិបមោងប្ញស្សីមរតកគុនខ្មែរខេត្តបន្ទាយមានជ័យ បន្ទាប់ពីកីឡាករទាំង២នាក់បានវាយឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៦លើ នៅសង្វៀន ARENA។
កីឡាករ ប៊ុន សុធា បានវាយឈ្នះកីឡាករ សូត្រ ខេមរិន មកពីក្លិបបក្សីស្លាបដែក ដោយពិន្ទុ រីឯកីឡាករ គឿម សុវណ្ណឌឿត ចំណាយពេលត្រឹមតែ២ទឹកប៉ុណ្ណោះផ្តួល កីឡាករ វុត្ថ សុផានិត មកពីក្លិបអង្គរធំគុនខ្មែរឲ្យបោះបង់ការប្រកួត ។ ដូច្នេះបេក្ខភាពបង្គ្រប់១៦នាក់ក្នុងដំណើរការ ប្រកួតវគ្គជម្រុះដំណាក់កាលទី២ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out បានចប់សព្វគ្រប់ ហើយ ។
គួរបញ្ជាក់ថា សមាសភាពបេក្ខជនទាំង១៦នាក់ត្រូវប្រកួតបន្តក្នុងវគ្គ២ មានដូចជា កីឡាករឆន ចន្នី, យ៉ាន ដារ័ត្ន, ស្រេង ទិនធិ, ផាត់ សូដា, ឈាន ពន្លឺ, ឈុន បញ្ជា, រិទ្ធ ប្រាក់ ប៊ិន, ម៉ន រ៉ាន្នី, រស់ វិបុល, នឹម ដន, ប្រាក់ ស៊ីណាត, មាឃ សុវណ្ណរ៉ា, លីន វិបុល, ពេជ្រ សាម៉ុន, ប៊ុន សុធា និងគឿម សុវណ្ណ ឌឿត ។
លោក គង់ ឌៀប ប្រធានវិនិច្ឆ័យប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បានប្រាប់ ឲ្យដឹងថា ចំពោះការបកួតដំណាក់កាលទី២នេះមានកីឡាករ១៦នាក់បន្ទាប់ពីបានឆ្លងផុតវគ្គជម្រុះវគ្គ៣២នាក់ដំបូង ដោយចាប់ផ្តើមដំណើរប្រកួតជម្រុះវគ្គទី២បន្តសប្តាហ៍ទី១នាថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៦ខាង មុខ៕
ដោយ៖ សារីម