ដោយយោងទៅតាមការស្រាវជ្រាវ សន្ទស្សន៍បរិយាកាសពាណិជ្ជកម្មនៅក្នុងត្រីមាសទី២នៃឆ្នាំនេះរបស់សភាពាណិជ្ជ កម្មអឺរ៉ុបនៅក្នុងប្រទេសវៀតណាមបានឱ្យដឹងថា សហគ្រាសជាច្រើនដែលមកពីសហ ភាពអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមចំពោះ បរិយាកាសពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាមដដែលតាមរយៈគម្រោងបង្កើនការ វិនិយោគរបស់ពួកគេជាច្រើន។
សហគ្រាសសហភាពអឺរ៉ុបភាគច្រើនបានដឹងថា ស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុរបស់ ប្រទេសនេះទំនងជាបន្តកើតមានឡើង ទៀតដោយ៥៦,៣ភាគរយនៃអ្នកដែលត្រូវបានគេស្ទង់មតិបានព្យាករថា មានស្ថិរភាព និងមានភាពប្រសើរឡើងហើយ៩,៤ភាគ រយនៃពួកគេបានរំពឹងថានឹងមានភាព អាក្រក់ជាងមុន ខណៈដែល ៣៤,៤ភាគរយយល់ថាវានឹងមិនមានការផ្លាស់ប្តូរនោះទេ។
សភាពាណិជ្ជកម្មនេះបានបង្ហាញថា ប្រហែលជា៤៩ភាគរយនៃអ្នកទាំងនោះរំពឹងថាចំនួននៃការកុម្ម៉ង់ទំនិញឬចំណូលដែលបានមកពីទំនិញនឹងកើនឡើងបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ត្រីមាសក្រោយនេះ ខណៈ ដែល១៥,៦ភាគរយនៃពួកគេមានសុទិដ្ឋិ និយមបន្ថែមទៀត។ ដូច្នេះហើយនៅពេលដែលពួកគេត្រូវបានសួរពីការវិនិយោគនិងគម្រោងអភិវឌ្ឍន៍ផ្ទាល់ខ្លួននោះពួកគេទាំងនោះបានឆ្លើយថាពួកគេមានសុទិដ្ឋិនិយមចំពោះពាណិជ្ជកម្មនៅទីនោះ។ លើសពី នេះទៅទៀតនោះ៤៣,៨ភាគរយបាន ឆ្លើយថាពួកគេនឹងបង្កើនការវិនិយោគ របស់ពួកគេ។
និន្នាការនេះត្រូវបានគេចាត់ទុកថា ជាសញ្ញាដ៏ល្អមួយសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម នឹងសហភាពអឺរ៉ុប ដែលត្រូវបានគេរំពឹងថានឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតរបស់សហគ្រាសបរទេសនៅក្នុងប្រទេសវៀតណាម។
ស្ថិតិរបស់ក្រសួងពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាមបានបង្ហាញថា ពាណិជ្ជកម្មពីរផ្លូវរវាងវៀតណាមនឹងសហភាពអឺរ៉ុបបានឈានដល់២១,១ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះពោលគឺកើនឡើង ៩,០៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាមបាននាំចេញទំនិញដែលមានតម្លៃប្រមាណជា ១៦,២ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅកាន់សហភាពអឺរ៉ុប ពោលគឺកើនឡើង៨,៦៨ខណៈដែលនាំ ចូលទំនិញវិញមានតម្លៃប្រមាណជា៤,៩៧ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺកើនឡើង១០,២៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥៕
ដោយ៖ រ័ត្ន