ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប បង្ហាញថា ការធ្វើចំណាកស្រុកដោយខុសច្បាប់របស់ប្រជាពលរដ្ឋនៅតែជាបញ្ហាប្រឈម និងស្មុគស្មាញ ដែលបញ្ហានេះទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយជាបន្តបន្ទាប់ និងមិនអាចបញ្ចប់បានក្នុងរយៈពេលខ្លី ហើយជាមួយគ្នានេះមានតែការផ្សព្វផ្សាយព័ត៌មាន និងការអប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែប៉ុណ្ណោះ ដែលជាកត្តាចាំបាច់ដើម្បីលើកកម្ពស់ការទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។
ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធាន គ.ខ.ប.ជ មានប្រសាសន៍ថា ការផ្សព្វផ្សាយនេះ មិនត្រឹមតែជួយលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការធ្វើចំណាកស្រុកខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយកាត់បន្ថយបញ្ហាផ្សេងៗ ដែលអាចជំរុញឱ្យមានការសម្របសម្រួល និងការដោះស្រាយបញ្ហាផ្សេងៗកាន់តែមានប្រសិទ្ធភាព។
លោកស្រី ម៉ននី រង្សី ក៏បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥នេះ លេខាធិការដ្ឋាន គ.ខ.ប.ជ បានផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងច្បាប់ពាក់ព័ន្ធ តាមបណ្ដាវេទិកា និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានចំនួន ៣ ៤៩១លើក ដែលមានអ្នកចូលរួមសរុប ១៩២ ០៣២នាក់ និងបានចែកខិតបណ្ណព័ត៌មានផ្សេងៗ បានចំនួន ៤៥ ៧៥៤ខិតបណ្ណ/សៀវភៅ/សម្ភារ ព្រមទាំងបានផ្សព្វផ្សាយអំពីស្តតអប់រំអំពីគ្រឿងញៀន និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបានចំនួន ២២ ៦៥០លើកផងដែរ។
ជាមួយលទ្ធផលនេះដែរ លោកស្រីក៏បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តតាមដាន និងត្រួតពិនិត្យឱ្យជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច។ រួមចំណែកបង្ការ ទប់ស្កាត់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការកេងប្រវ័ញ្ចកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសបន្តអប់រំផ្សព្វផ្សាយពីបញ្ហាទាំងអស់នេះនៅតាមទីសាធារណៈ សំខាន់តាមសាលារៀន។ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ លើការជួយពង្រឹងសមត្ថភាព និងបង្កើនធនធាន ដើម្បីឱ្យការងារទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់កាន់តែមានប្រសិទ្ធភាព៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប