ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបុរសម្នាក់ តាមអំណាចដីការបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ កាលពីឆ្នាំ២០២៣កន្លងទៅ នៅស្រុកមោងឫស្សី ក្រោយព្យាយាមរត់គេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានឱ្យដឹងទៀតថា ជាក់ស្ដែងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង ៣០នាទីព្រឹកនេះ នៅចំណុចក្រុមទី០១ ភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឺមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយជនត្រូវចោទឈ្មោះ កែវ សុនី ហៅ សែម វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់ មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទរំលោ-ភសេពសន្ថវៈមានស្ថានទម្ងន់ ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅ ចំណុចភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុក បានរៀបចំបញ្ជូនជនត្រូវចោទខាងលើ មកកាន់ផែនជំនាញនៅស្នងការដ្ឋាន ដើម្បីធ្វើការបន្តតាមនីតិវិធី៕ដោយ៖តារា