ប៉ារបស់ខ្ញុំឈ្មោះ ឡាច ឈនធ្វើការនៅអយស្ម័យានកម្ពុជា។ ខ្ញុំមានកំណើតនៅខេត្តបាត់ដំបង។នៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលមកដល់ទីក្រុងភ្នំពេញ។ ពេញមួយយប់រហូតដល់មេឃភ្លឺ ភាពចលាចលកើតឡើងពាសពេញទីក្រុងភ្នំពេញ។ ប្រជាជនរត់ទៅមុខ ទៅក្រោយ ដោយភាពស្លន់ស្លោ។ មីងម្នាក់ឈ្មោះ សយ ភិតភ័យខ្លាំងពេកគិតតែអុជធូបបន់ស្រន់។ សន្ធឹករថក្រោះនិងរថយន្តជាច្រើនគ្រឿងរបស់កងទ័ពខ្មែរក្រហមបានបើកសម្រុកចូលពេញផ្លូវ។ ប្រជាជននាំគ្នាយកក្រណាត់ពណ៌សមកចងធ្វើជាទង់គ្រវីឡើងលើដើម្បីទទួលស្វាគមន៍និងអបអរសាទរជ័យជម្នះរបស់ខ្មែរក្រហម។ ផ្ទុយពីការគិត កងទ័ពខ្មែរក្រហមបានបាញ់គំរាមប្រជាជនឲ្យចេញពីផ្ទះរួចស្រែកប្រកាសថា” ទុកឲ្យអង្គការធ្វើការសិន ខ្លាចពួកចក្រពត្តិវាយឆ្មក់” ។
ប្អូនរបស់ខ្ញុំឈ្មោះគ្រី គឺជាយោធាខ្មែរក្រហមដែលត្រូវទាហាន លន់ នល់ បាញ់ត្រូវរបួសរួចបញ្ជូនឲ្យមកសម្រាកព្យាបាលនៃមន្ទីរពេទ្យទីក្រុងភ្នំពេញ។ គ្រី បានប្រាប់ឪពុកម្ដាយរបស់ខ្ញុំថាប្រសិនបើខ្មែរក្រហមបញ្ជាឲ្យចាកចេញពីផ្ទះ សូមកុំរឹងទទឹងឲ្យសោះ ហើយកុំយកឡានទៅជាមួយ។ បន្ទាប់ពីប្អូនប្រុសរបស់ខ្ញុំនិយាយប្រាប់ ស្រាប់តែស្នូរអាវុធនៅផ្លូវខាងក្រោយវត្តព្រះពុទ្ធផ្ទុះឡើង។ ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំចំនួន ១២ នាក់ប្រញាប់រៀបចំរបស់របរមួយចំនួនរួមមានប្លង់ដី បញ្ជីជាតិ សៀវភៅគ្រួសារ សញ្ញាបត្រ និងសៀវភៅល្អៗដែលយើងទិញមកពីប្រទេសបារាំងនិងខោអាវដាក់តាមខ្លួន។ ចំណែកលុយ ឪពុកម្ដាយរបស់ខ្ញុំបានយកទៅដាក់ធនាគារ។ យើងបានចាកចេញពីផ្ទះទាំងសោកស្ដាយព្រោះយើងនៅសល់អីវ៉ាន់ជាច្រើនដែលមិនអាចដឹកជញ្ជូនយកមកជាមួយបាន ។
គ្រួសាររបស់ខ្ញុំបានធ្វើដំណើរសំដៅទៅស្ទឹងមានជ័យដែលមានមនុស្សដែលជ្រៀតគ្នាយ៉ាងច្រើនកុះករនៅតាមផ្លូវ។ នៅពេលដែលយើងធ្វើដំណើរមកដល់រោងចក្រកែវ ខ្ញុំឃើញកងទ័ពខ្មែរក្រហមដែលមានកាន់អាវុធនៅក្នុងដៃបានប្រមូលយុវជនមានសក់វែងបញ្ចូលទៅក្នុងបរិវេណរោងចក្រ។ យុវជនប្រុសៗ ប្រមាណជាង ១០ នាក់ដែលមានស្លៀកតែខោវែងត្រូវបានកងទ័ពខ្មែរក្រហមយកខ្សែលួសមកដោតនិងបាតដៃបន្តគ្នា ហើយមានកងការពារដើរពីខាងមុខ និងខាងក្រោយ។ ពេលយើងកំពុងបន្តដំណើរទៅមុខសន្សឹមៗ ស្រាប់តែខ្ញុំឮម្ដាយរបស់ខ្ញុំស្រែកប្រាប់ថា ឈប់សិនព្រោះឪពុក និងបងប្រុសរបស់ខ្ញុំត្រូវកងទ័ពខ្មែរក្រហមឃាត់ខ្លួនហើយ។ មួយសន្ទុះក្រោយមកទើបខ្ញុំឃើញ ប៉ា និងបងប្រុសរបស់ខ្ញុំត្រឡប់មកវិញដោយទឹកមុខស្លន់ស្លោ ព្រោះកងទ័ពខ្មែរក្រហមបានចោទប្រកាន់ឪពុកនិងបងប្រុសរបស់ខ្ញុំថាជាអតីតទាហានលន់ នល់ ។ បន្ទាប់ពីបងប្រុសរបស់ខ្ញុំ។បានបង្ហាញកើតនិស្សិតមហាវិទ្យាល័យច្បាប់និងពាណិជ្ជកម្ម។ដែលសរសេរជាភាសាបារាំងឲ្យមើល។ទើបកងទ័ពខ្មែរក្រហមព្រមដោះលែងគាត់ត្រឡប់មកវិញ។ ពេលព្រលប់យើងបានធ្វើដំណើរមកដល់ស្ទឹងកន្ទួត។ គ្រួសាររបស់ខ្ញុំ និងប្រជាជនដែលជម្លៀសមកជាមួយគ្នា បានបោះជម្រកស្នាក់នៅ និងដាំបាយហូប។ មកដល់នៅទីនោះ បងប្អូនរបស់ខ្ញុំបានប្ដូរពីការហៅប៉ាម៉ាក់ មកហៅពុកម៉ែវិញម្ដង។ ម៉ែបង្ខំឲ្យបងស្រីទាំងពីរនាក់ និងខ្ញុំកាត់សក់ខ្លី ខ្ញុំយំយ៉ាងខ្លាំងព្រោះខ្ញុំស្ដាយសក់របស់ខ្ញុំណាស់។ ខ្ញុំបានដោះអាវដែលខ្ញុំកំពុងតែពាក់ចេញ ហើយយកខោអាវនោះទៅប្រឡាក់ភក់ដើម្បីឲ្យឃើញពណ៌ខ្មៅ។ នៅពេលយប់ជ្រៅ ប៉ារបស់ខ្ញុំបានយកកន្សែងយ័ន្តដែលមានរូបព្រះពុទ្ធនិងព្រះកម្ចាយតូចៗធ្វើពីប្រាក់ និងសំរិទ្ធមកចែកឲ្យកូនៗ ម្នាក់មួយៗលាក់ទុករៀងខ្លួនទុកគ្រាន់ការពារខ្លួនសុំសេចក្តីសុខ ។
នៅស្ទឹងកន្ទួត អ្នកភូមិបានយកសាច់មកដូរយកអង្ករ។ ចំណែកមាសមួយជីដូរអង្ករបានត្រឹមមួយកំប៉ុងតែប៉ុណ្ណោះ។ មួយរយៈក្រោយមក ប្រជាជនដែលជម្លៀសនិងស្នាក់នៅក្បែរៗខ្ញុំ ចាប់ផ្ដើមខ្វះអង្ករ។ ម៉ែរបស់ខ្ញុំឲ្យទៅអ្នកដែលខ្វះខាតទាំងនោះ ហើយអង្ករមួយចំនួនគាត់យកទៅដូរយកសាច់ទុកគ្រាន់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ។ គ្រួសាររបស់ខ្ញុំបានស្នាក់នៅទីនោះចំនួន ៥ ថ្ងៃ ហើយក៏ចាកចេញ ព្រោះកងទ័ពខ្មែរក្រហមបានប្រកាសថា ត្រូវបន្តដំណើរទៅមុខទៀត អង្គការមិនអនុញ្ញាតឲ្យនៅទីនេះទេ។ អ្នកជម្លៀសម្នាក់បានសួរទៅកងទ័ពខ្មែរក្រហមថា លោក ខ្ញុំសុំថ្នាក់នៅទីនេះតើបានដែរឬទេ? ។ ពេលនោះស្រាប់តែកងទ័ពខ្មែរក្រហមបានយកកាំភ្លើងមកបុកទ្រូងរបស់គាត់បណ្ដាលឲ្យដួលទៅក្រោយ ហើយស្រែកគំរាមថា គ្មានលោកគ្មានស្អីទេ នៅទីនេះគឺមានតែសមមិត្តបងដែលទទួលភារកិច្ចពីអង្គការ ហើយបញ្ជាឱ្យបងប្អូនបន្តដំណើរទៅមុខទៀត។
ឪពុកម្ដាយរបស់ខ្ញុំបានសម្រេចចិត្តបន្តដំណើរទៅកាន់ស្រុកកោះធំទាំងមិនស្គាល់ផ្លូវ។ នៅតាមផ្លូវខ្ញុំឃើញមានប្រជាជនខ្លះជិះកង់និងប្រជាជនខ្លះជិះម៉ូតូ។ ចំណែកគ្រួសាររបស់ខ្ញុំវិញមានមនុស្សចាស់ជរាធ្វើដំណើរជាមួយ តែយើងគ្មានមធ្យោបាយធ្វើដំណើរនោះទេ។ យើងបានយកឈើចងខ្វែងជាជើងក្អែកដើម្បីអូសគាត់ទៅមុខ។ នៅពេលធ្វើដំណើរទៅកាន់ស្រុកកោះធំ ខ្ញុំឃើញមានប្រជាជនខ្លះស្លាប់នៅក្រោមដើមឈើ ប្រជាជនខ្លះទៀតស្លាប់នៅលើចិញ្ចើមផ្លូវដោយសារពុំមានអាហារបរិភោគ និងខ្វះថ្នាំព្យាបាល។
គ្រួសាររបស់ខ្ញុំបាននាំគ្នាដើរតាមដោយគ្មានទិសដៅឡើយ។ យើងមិនសូវឃើញមានអ្នកជម្លៀសដើរកាត់តាមទីនោះទេ។ ប្រជាជនមូលដ្ឋានបានសម្លឹងមើលមកឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំយ៉ាងចម្លែកក្នុងចិត្ត ប៉ុន្តែប្រជាជនមូលដ្ឋានខ្លះមានចិត្តសប្បុរសណាស់។ ពួកគេបានយកស្ករត្នោត មួកស្លឹកត្នោត និងទឹកត្នោតឲ្យយើងផឹកបានឆ្អែតគ្រប់គ្នា។ ពេលមេឃងងឹត យើងនាំគ្នាជ្រកនៅក្បែរវត្ត។ ពេលនោះខ្ញុំបានឃើញកងទ័ពខ្មែរក្រហមមានទាំងប្រុសនិងស្រី ឈរតម្រង់ជួរច្រៀងបទចម្រៀងអបអរជ័យជម្នះថ្ងៃ ១៧មេសា លាន់ឮខ្ទ័រពាសពេញវត្ត។ បន្ទាប់មកកងឈ្លបបីនាក់បង់កក្រមា ពាក់មួកប៉ារ៉ា និងស្បែកជើងកង់ឡាន បានយកកាំភ្លើងមកភ្ជង់ឪពុករបស់ខ្ញុំដោយចោទថា គាត់គឺជាអតីតទាហានលន់ នល់ ហើយថែមទាំងបានរឹបអូសយកនាឡិកាដៃ មុង កាតាប កំសៀវទឹក និងឆ្នាំងបាយរួចប្រាប់ថា ជារបស់អង្គការស្នើសុំទៅវិញ។ ចំណែកឯកសារប្លង់ដីប្លង់ផ្ទះ សញ្ញាបត្រ និងបញ្ជីជាតិត្រូវអង្គការយកទៅដុតកម្ទេចចោលទាំងអស់។ គ្រួសាររបស់ខ្ញុំនៅសេសសល់តែឥវ៉ាន់បន្តិចបន្តួចប៉ុណ្ណោះ។ នៅពេលដែលយើងគ្មានអាហារហូប យើងបាននាំគ្នាទៅញ្ជាត់ត្រី ចាប់ក្តាមខ្យង មកធ្វើម្ហូប។ (នៅមានត)