អ្នកតាមដានសង្គមចាត់ទុក ការបន្តប្រារព្ធពិធីបុណ្យឆេងម៉េងរបស់ប្រជាជនខ្មែរ ជាការជំរុញទំនាក់ទំនងកម្ពុជា-ចិន កាន់តែស៊ីជម្រៅ

ចែករំលែក៖

ភ្នំពេញ ៖ លោក យឹម អធិស័ក្តិ អ្នកតាមដានសង្គមបានថ្លែងចាត់ទុក ការបន្តប្រារព្ធពិធីបុណ្យឆេងម៉េង ដែលជាបុណ្យប្រពៃណីរបស់ចិន ពីសំណាក់ប្រជាជនខ្មែរ ជាពិសេស អ្នកកាត់សែស្រឡាយ គឺជាការជំរុញទំនាក់ទំនងកម្ពុជានិងចិន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ថ្លែងប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី១ ខែមេសា លោក យឹម អធិស័ក បានបន្តថា សម្រាប់ឆ្នាំ២០២៥នេះ លោកគ្រោងនឹងទៅចូលរួមពិធីបុណ្យឆេងម៉េង ឬ បុណ្យសែនផ្នូរ ចំនួន៤កន្លែង។

«ជាទស្សនៈរបស់ខ្ញុំ ប្រជាជនខ្មែរចាត់ទុកបុណ្យឆេងម៉េង មានសារៈសំខាន់ ចាំបាច់ ជាពិសេស សម្រាប់អ្នកសែស្រឡាយ កាត់ចិន រួមទាំងខ្ញុំ… ប្រារព្ធធ្វើឡើង រៀងរាល់ឆ្នាំ ជាការនឹករម្លឹកដល់បុព្វបុរសដែលបានចែកឋាន»

លោក យឹម អធិស័ក្តិ បានបន្តថា នេះគឺជាការប្រកាន់ទំនៀមទម្លាប់ តាំងពីអតីតកាលមក ដោយចាត់ទុកថា ផ្នូរជាកន្លែងត្រូវសម្អាត ជារៀងរាល់ឆ្នាំ ថែរក្សាផ្លូរបញ្ចុះសពបុព្វបុរស សម្តែងនូវការដឹងគុណ ដល់បុព្វបុរស។

«ការសម្តែងតាមប្រពៃណី និង វប្បធម៌ ដែលបានបន្សល់ទុក តាំងពីយូរលង់មកហើយ..បុណ្យនេះឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជា-ចិន មានតាំងពីរយូរលង់មកហើយ បានចាក់ឬស ក្នុងមែកធៀង ប្រវត្ថិសាស្ត្រ នៃប្រជាជាតិទាំងពីរ ដែលជាការរួមច្របាច់វប្បធម៌ ប្រទេសទាំងពីរ រួមរស់ជាមួយគ្នា ក្នុងសន្តិភាព ជួយជំរុញទំនាក់ទំនងកម្ពុជានិងចិន កាន់តែស៊ីជម្រៅ ស្និទ្ធស្នាល ដែលតែងតែជួយគ្នាទៅវិញ ទៅមក ក្នុងនាមមិត្តថែកថែប »

គួរបញ្ជាក់ថា នៅចុងខែមីនា ឬ ដើមខែមេសានេះ ប្រជាជនខ្មែរតែងតែរៀបចំពិធីបុណ្យឆេងម៉េង នៅតាមបណ្តាខេត្ត ដែលមានផ្នូរដូនតា ហើយក៏មានការជួបជុំ ទទួលទានអាហារជុំគ្នា ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print