ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ដែលជាបងប្រុសទី១របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោ និងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងបងប្រុសដ៏ជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោព្រមទាំងក្រុមគ្រួសារសាច់ញាតិ ដ៏គួរឱ្យសោកសង្រេង និង អាឡោះអាល័យ។គំរូវីរភាព និងស្នាដៃរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែក កសាងជាតិ មាតុភូមិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូចិនបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។
ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ២៧នាទីព្រឹក ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print