រាជរដ្ឋាភិបាល វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក និងគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយរាជធានី ខេត្តទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងសហការគ្នានាពេលកន្លងមក ក្នុងការជំរុញ លើកកម្ពស់ផលិតផលខ្មែរគ្រប់ប្រភេទ ដោយបានជម្នះនូវការលំបាក និងបានរួមគ្នាដោះស្រាយបាននូវបញ្ហា ប្រឈមសំខាន់ៗជាច្រើន។ ក្នុងឱកាសនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមផ្តល់នូវអនុសាសន៍សំខាន់ៗ មួយចំនួន ដូចខាងក្រោម៖

ទី១- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និង បំផុសចលនាដាំដុះ ចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិត និងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បី ជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។

ទី២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងឡាយ ត្រូវបន្តសហការគ្នា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនផលិតករ ប្រកបដោយប្រសិទ្ធភាព។

ទី៣- គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទូទាំងប្រទេស ត្រូវបន្តខិតខំ សហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដាក់បញ្ចូលផលិតផលសក្តានុពលនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជាផលិតផលភូមិមួយផលិតផលមួយ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាប្រឈមទាំងឡាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត អាជ្ញាធររាជធានី ខេត្ត ដើម្បីរៀបចំឱ្យ បានផុលផុសនូវព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ នៅតាម ទីកន្លែងដែលមានសក្តានុពល ឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយ ផលិតផលខ្មែរ។

ជាថ្មីម្តងទៀត សម្តេចធិបតីសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។ «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផល ខ្មែរ!។ សូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print