នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដានឹងឆ្លើយតបទៅវិធីសាស្រ្តរបស់លោកដូណាល់ត្រាំ ដោយបន្ថែមពន្ធ 25 ភាគរយដូចគ្នាលើរថយន្តទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិកដែលមិនអនុលោមតាមកិច្ចព្រមព្រៀងកាណាដា-សហរដ្ឋអាមេរិក-ម៉ិកស៊ិក (CUSMA) ។
នាយករដ្ឋមន្ត្រីប្រទេសកាណាដាក៏បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកក៏នឹងដាក់ពន្ធលើផ្នែកផ្សេងទៀតនៃរថយន្តដែលមិនមែនជារបស់កាណាដា ពីសហរដ្ឋអាមេរិក ប៉ុន្តែប្រទេសម៉ិកស៊ិកនឹងមិនរងផលប៉ះពាល់ទេ។
លោក Carney បានថ្លែងបន្ថែមថា សេដ្ឋកិច្ចពិភពលោក មានភាពខុសប្លែកគ្នាជាមូលដ្ឋាននៅថ្ងៃនេះ ជាងកាលពីម្សិលមិញ។ លោកបាននិយាយថា “សកម្មភាពកាលពីម្សិលមិញដោយរដ្ឋបាលសហរដ្ឋអាមេរិក ទោះបីជាមិនផ្តោតជាពិសេសទៅលើប្រទេសកាណាដា នឹងធ្វើឱ្យខូចសេដ្ឋកិច្ចពិភពលោក និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក។”
លោក Carney បានបន្តថា “ទំនាក់ទំនងចាស់របស់យើងនៃការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាលំដាប់ជាមួយសហរដ្ឋអាមេរិកបានដល់ទីបញ្ចប់។ហើយ រយៈពេល 80 ឆ្នាំដែលសហរដ្ឋអាមេរិកធ្វើជាអ្នកដឹកនាំសេដ្ឋកិច្ចពិភពលោកបានបញ្ចប់ផងដែរ។”
លោក Carney ក៏បាននិយាយផងដែរថា រដ្ឋាភិបាលរបស់លោកនឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជជែកតវ៉ាអំពីពន្ធគយនេះដោយចាត់ទុកថាជាការ បំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ប្រទេសកាណាដាត្រូវបានរួចផុតពីពន្ធមូលដ្ឋាន 10 ភាគរយ ប៉ុន្តែពន្ធ 25 ភាគរយរបស់សហរដ្ឋអាមេរិកលើរថយន្តដែលនាំចូលបានចូលជាធរមានហើយ។