សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន មិនអនុញ្ញាតឲ្យបរទេសដាក់មូលដ្ឋានទ័ពលើទឹកដីកម្ពុជាឡើយ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសជាឱឡារឹកថា  រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថា អតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យោងតាមមាត្រា ៥៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺកម្ពុជាមិនអនុញ្ញាតឲ្យបរទេសដាក់មូលដ្ឋានកងទ័ពលើទឹកដីកម្ពុជា និងមិនអនុញ្ញាតឲ្យកម្ពុជាដាក់មូលដ្ឋានកងទ័ពលើទឹកដីប្រទេសណាមួយឡើយ។ សម្តេចបញ្ជាក់ថា កម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញមក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិន គឺសម្រាប់ពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកជាមួយប្រទេសក្នុងតំបន់ក្នុងការពង្រឹងសន្តិសុខក្នុងលំហសមុទ្រ។ សម្តេចថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មកងទ័ព នោះហើយគឺជាការគិតគូរអំពីការការពារអធិបតេយ្យភាពជាតិ ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃនេះ ឬថ្ងៃអនាគត រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឲ្យកងទ័ពប្រទេសណា មកដាក់មូលដ្ឋាននៅប្រទេសកម្ពុជាដាច់ខាត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាដែលស្នេហាជាតិយ៉ាងពិតប្រាកដ គួរតែអបអរសាទរចំពោះសមិទ្ធផល និងការធ្វើទំនើបកម្មវិស័យការពាររបស់កម្ពុជា ដែលបាននិងកំពុងធ្វើឡើងនៅពេលនេះ។ តែសម្ដេចជឿថា ជាមួយសមិទ្ធផលនេះ ច្បាស់ជាមានការវាយប្រហារមកលើរាជរដ្ឋាភិបាលបន្ដទៀតមិនខានឡើយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើបងប្អូនជាអ្នកស្នេហាជាតិពិតប្រាកដ គួរអបអរសាទរសមិទ្ធផលរបស់យើង ចាប់ពីថ្ងៃនេះទៅនឹងមានការបកស្រាយវាយប្រហារផ្សេងៗ ខ្ញុំសូមយកឱកាសនេះបញ្ជាក់ឲ្យច្បាស់ កម្ពុជារដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនគ្មានគោលបំណង ថ្ងៃមុនអតីតកាល ថ្ងៃនេះ ឬថ្ងៃមុខ នៅក្នុងការរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមរយៈការឲ្យប្រទេសណាកងទ័ពណា មកដាក់មូលដ្ឋានផ្ដាច់មុខនៅលើទឹកដីកម្ពុជានោះទេ។ នេះគឺជាការពិត»។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងដែរថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មាត្រា៥៣ បានចែងច្បាស់ហើយថា ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានរបស់ខ្លួននៅឯបរទេស លើកលែងតែក្នុងក្របខណ្ឌសំណូមពររបស់អង្គការសហប្រជាជាតិ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅក្នុងអាស៊ាននេះប្រទេសប៉ុន្មានដែលឲ្យមូលដ្ឋានបរទេសមានកងទ័ព ប្រទេសមិនតិចទេនៅក្នុងអាស៊ាន១០ប្រទេសយើងនេះ។ គេបើកជាចំហតែម្ដង តើខុសគ្រាន់តែកម្ពុជាទំនើបកម្មកងទ័ពរបស់ខ្លួន កសាងមូលដ្ឋានហ្វឹកហ្វឺន ដៃគូអភិវឌ្ឍនេះជាមួយចិន។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចោទសួរដែរថា តើកម្ពុជានេះប្រទេសដែលរងសម្ពាធដោយសារសង្គ្រាម សមត្ថភាពកងទ័ព ជាពិសេសកងទ័ពជើងទឹកយើងដើរក្រោយគេ ចង់ពន្លឿនសមត្ថភាពក្នុងការកសាងសមត្ថភាពឲ្យកងទ័ពយើង មានសម្ភារៈប្រើប្រាស់ មានឧបករណ៍ប្រមូលព័ត៌មាន មានកងទ័ពដែលអាចហ្វឹកហ្វឺនសម្ភារៈទំនើប តើខុសអី? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print