រដ្ឋមន្រ្តីក្រសួងការពារជាតិ ៖ ក្នុងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវការលើកកម្ពស់ទំនើបកម្មកងទ័ពជើងទឹកនិងការបង្កើនសមត្ថភាពវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា ៖ មជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម គឺជាកេរមរតកប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រពៃណីដ៏ស៊ីជម្រៅរវាងរដ្ឋាភិបាលនិងយោធាកម្ពុជានឹងចិន ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដែលជាវិស័យអាទិភាពសម្រាប់កំណែទម្រង់កងកម្លាំងប្រដាប់អាវុធក្នុងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវការលើកកម្ពស់ទំនើបកម្មកងទ័ពជើងទឹកនិងការបង្កើនសមត្ថភាពវិជ្ជាជីវៈ បន្តការពារប្រកបដោយប្រសិទ្ធភាពសម្រាប់អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសុវត្ថិភាពប្រជាជន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការពារជាតិ ត្រូវបន្ដយកចិត្តទុកដាក់លើការងារកំណែទម្រង់ បណ្ដុះបណ្ដាល ហ្វឹកហ្វឺន កសាងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងគុណភាពវិស័យការពារជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ចំពោះកងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្ដាកោះឆ្នេរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឲ្យវិស័យ ការពារជាតិ ក្នុងនោះត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន រៀនសូត្រ បណ្តុះបណ្តាល កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព ទាំងបរិមាណ និង គុណភាព ដើម្បីបម្រើឲ្យវិស័យការពារជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់»។
បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី, ការសម្ពោធសមិទ្ធផលទំនើបកម្ម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃនេះ បានបង្ហាញការអភិវឌ្ឍនៅមូលដ្ឋានសមុទ្ររាមមិនមានអាថ៌កំបាំងនោះឡើយ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print