ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ នៅស្ថានីយប្រេងឥន្ធនៈភីធីធី ផ្តៅជុំ២ (ស្គន់) លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ការដាក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ដែលមានវត្តមានអញ្ជើញចូលរួមពី លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយក មន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ភីធីធី (ខេមបូឌា) ជាច្រើនរូប។
កម្មវិធីនេះរៀបចំឡើងក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ ដែលបានចុះហត្ថលេខារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនក្រុមហ៊ុន ភីធីធី (ខេមបូឌា) កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលបំណងជំរុញលើកកម្ពស់កេរ្តិ៍ឈ្មោះ និងការប្រើប្រាស់ផលិតផលខ្មែរ ទីផ្សារក្នុងស្រុក និងសេដ្ឋកិច្ចមូលដ្ឋាន។
ការដាក់លក់ផលិតផលខ្មែរត្រូវបានធ្វេីឡេីងនៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន៣០ទីតាំង នៅតាមបណ្តារាជធានី-ខេត្ដ ចំនួន១៩ រួមមាន ៖ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពត កំពង់ឆ្នាំង ព្រះសីហនុ ពោធិ៍សាត់ តាកែវ សៀមរាប ស្ទឹងត្រែង ព្រៃវែង ក្រចេះ ស្វាយរៀង កំពង់ស្ពឹ កំពង់ធំ កណ្តាល ត្បូងឃ្មុំ និងកោះកុង ដោយដាក់លក់ផលិតផលខ្មែរដូចជា៖ អាហារសម្រន់ បង្អែម ភេសជ្ជៈ ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រី សាច់ ជាដើម។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មមានជំនឿយ៉ាងមុតមាំថា សាធារណជននឹងអញ្ជើញចូលរួមគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរទាំងអស់គ្នា ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ៕
ដោយ ៖ សិលា