អភិបាលខេត្តតាកែវ មន្ត្រីរាជការ និងប្រជាពលរដ្ឋអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅសង្រ្កាន្តជាស៊ីមតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រួមជាមួយលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត និងលោកអភិបាលក្រុងដូនកែវ បានអញ្ជើញចូលរួមយ៉ាងសប្បាយរីករាយក្នុងកម្មវិធីលេងកម្សាន្តល្បែងប្រជាប្រិយ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីមតាកែវ សង្រ្កាន្តជាស៊ីមតាកែវ។ កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវជន យុវនារី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានអញ្ជើញមកចូលរួមសប្បាយរីករាយ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ លោកអភិបាលខេត្ត និងមន្ត្រីរាជការ បានចូលរួមលេងល្បែងប្រជាប្រិយយ៉ាងសកម្ម ដូចជាល្បែងបោះអង្គញ់ ល្បែងវាយក្អមដែលសាងសំណើចសប្បាយរីករាយ និងល្បែងទាញព្រ័តដែលបង្ហាញពីកម្លាំងសាមគ្គីភាព។ ក្រៅពីល្បែងទាំងនេះ រដ្ឋបាលក្រុងដូនកែវ រួមជាមួយគណៈកម្មការសាលា ក៏បានរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយផ្សេងៗទៀត ការរាំលេងកម្សាន្តតាមបែបប្រពៃណី និងសម័យផងដែរ ដែលបានធ្វើឲ្យបរិយាកាសកាន់តែភ្ញៀវខ្ញា  និងពោរពេញដោយភាពរីករាយក្រោមម្លប់នៃសន្តិភាព។

អភិបាលខេត្ត លោក វ៉ី សំណាង បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយនេះ គឺស្ថិតក្នុងគោលបំណងលើកកម្ពស់ និងថែរក្សាមរតកវប្បធម៌អរូបីរបស់ជាតិ ជាពិសេសល្បែងប្រជាប្រិយខ្មែរ ដែលជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិ។ 

លោកអភិបាលបានបន្ថែមទៀតថា រដ្ឋបាលខេត្តតាកែវបាននិងកំពុងជំរុញឲ្យមានការរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរឲ្យបានទូលំទូលាយ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ មិនត្រឹមតែដើម្បីបង្កើតភាពសប្បាយរីករាយ និងកាត់បន្ថយភាពនឿយហត់ បន្ទាប់ពីការងារពេញមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញអំពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ព្រះរាជាណា ចក្រកម្ពុជា ជូនចំពោះភ្ញៀវជាតិ អន្តរជាតិ សប្បុរសជន និងអ្នកវិនិយោគបរទេសទាំងអស់ ឃើញពីស្ថានភាព ជាក់ស្តែងនៃប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះបានបញ្ចប់ទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នកចូលរួមទាំងអស់ និងបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព និងការរួបរួមគ្នាក្នុងសហគមន៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងពេលឆាប់ៗខាងមុខនេះ។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការយកចិត្តទុក ដាក់របស់រដ្ឋបាលខេត្តតាកែវ ក្នុងការលើកកម្ពស់វប្បធម៌ប្រពៃណី និងការបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print