ភ្នំពេញ÷ បុរសម្នាក់បានរងរបួសធ្ងន់(បាក់ជើង)ខណៈកំពុងបើកម៉ូតូឈប់រង់ចាំភ្លើងស្តុបស្រាប់តែមានរថយន្តម៉ាកសាំយ៉ុងបើកមកពីក្រោយបុកកិនតែម្តង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៦និង០៥នាទីនៅចំណុចភ្លើងស្តុបផ្សារម៉ាក្រូ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ចាន់ ស៊ីណា ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកឡាន អាសយដ្ឋាន ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើករថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2R-4363 បើកពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូជនរងគ្រោះដែលមានឈ្មោះ យី ម៉េងហុង ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករ អាសយដ្ឋាន ភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-5461 ពាក់មួកសុវត្ថិភាព បើកពីជើងទៅត្បូង រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ ម៉ូតូមិនខូច។
ប្រភពពីមន្ត្រីនគរបាលចរាចរណ៍បានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេត្តរថយន្តបង្កខាងលើបានបើកស្របគ្នាជាមួយនឹងម៉ូតូ ក្នុងទិសគ្នាពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុម៉ូតូបានឈប់រង់ចាំភ្លើងស្តុប ចំណែករថយន្តបានមកពីក្រោយដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបានកិនចំជើងស្តាំអ្នកបើកម៉ូតូបណ្តាលអោយរងរបួសបាក់កជើងតែម្តង។
បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រគល់អោយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ៕ ដោយ÷ចន្ទ លីហ្សា