ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត នាឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨-២៥៦៩ នាពេលខាងមុខ នៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទជាច្រើនរូប។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ។ ពិធីសូត្រមន្តនេះ ប្រារព្ធឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជក្រោមឱវាទនៃក្រសួងមុខងារសាធារណៈទាំងអស់ ប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចជូនស្ថាប័ន ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕
ដោយ ៖ សិលា