ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ !

ចែករំលែក៖

ភ្នំពេញ ៖ កន្លះខែមុនចូលឆ្នាំថ្មី គិតចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងទំនើងជិត ២០ករណី ដោយឃាត់ខ្លួនយុវជនជិត១០០នាក់ បញ្ជូនទៅតុលាការ និងទទួលបញ្ជូនតទៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់វិធានការដ៏ម៉ឺងម៉ាត់ ដោយណែនាំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ដឹកនាំបញ្ជាទៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បង្ក្រាបក្រុមក្មេងទំនើងដែលបង្កការអុកឡុកក្នុងសង្គម។

សូមបញ្ជាក់ថា ការបង្ក្រាបក្រុមក្មេងទំនើងជិត១០០នាក់បញ្ជូនទៅពន្ធនាគារ នាមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហា ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។ យុវជនដែលជ្រុលខ្លួនប្រព្រឹត្តសកម្មភាពទំនើងក្នុងសង្គមនាពេលនេះ មានន័យថាពួកគេអាចនឹងត្រូវឆ្លងឆ្នាំក្នុងពន្ធនាគារប្រសិនបើត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕

...

ដោយ ៖ លោក សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print