សម្តេចក្រឡាហោមជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវបម្រើពលរដ្ឋផ្តល់យុតិ្តធម៌ និងឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោតបានគ្រប់គ្នា

ចែករំលែក៖

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីអបអរសាទរដំណើរទស្សនៈកិច្ចដើម្បីស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅសាលាខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងកងកម្លាំងមានសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលធ្វើយ៉ាងណាខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានតម្លាភាព យុតិ្តធម៌ រហ័ស។

សម្តេចក្រឡាហោមក៏បានមានប្រសាសន៍លើកឡើងបន្ថែមនិងកោតសសើរ ដល់នគរបាលប៉ុសិ៍្តរដ្ឋបាលដែលមានការនឿយហត់ត្រង់ថា គ្រប់ជំពូកដែលនគរបាលប៉ុសិ៍្ត បានអនុវត្តជាក់ស្តែងដូចជា ការជួយសម្រួលចរាចរណ៍ សន្តិសុខក្នុងភូមិ ចេញល្បាត ហើយប៉ុសិ៍្តរដ្ឋបាលខ្លះកម្លាំងមិនគ្រប់ចំនួន មូលដ្ឋានប៉ុសិ៍្តរដ្ឋបាលវិសាលធំកម្លាំងមិនគ្រប់ នេះជាបញ្ហាដែលយើងត្រូវតែគិត។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ស្តីពីការចុះឈ្មោះឆ្នោតដែលនិងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ សម្តេចក្រហោមមានប្រសាសន៍ដោយបានសង្កត់ធ្ងន់ថា បញ្ជីឈ្មោះបោះឆ្នោតចាស់ត្រូវបានគេធីបចោលទាំងស្រុង ហើយពេលនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមកចុះឈ្មោះបោះឆ្នោតឡើងវិញទាំងស្រុងផងដែរ។ សម្តេចក៏បានមានប្រសាសន៍ដោយបញ្ជាក់ថា ចំពោះកម្មករក៏អាចចុះឈ្មោះបោះឆ្នោតបានដែរនៅទីនេះ ហើយគាត់ក៏អាចបោះឆ្នោតបានដែរនៅទីនេះឲ្យតែពួកគាត់មានកន្លែងស្នាក់នៅពិតប្រាកដនោះមិនថ្វីទេ។ សម្តេចមានប្រសាសន៍ឲ្យដឹងទៀតថា តែបើពួកគាត់ចង់ទៅបោះនៅស្រុកក៏ ស្រេចតែចិត្តគាត់ទៅយើងអត់បង្ខំទេ។ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា ការបោះឆ្នោតលើកនេះយើងធ្វើឲ្យបានដូចឆ្នាំ២០១៣ទៅប្រសើរហើយ មិនមានអ្នកស្លាប់ឬរបួស មានបន្តិចបន្តួចចាត់ទុកថាជារឿងធម្មតា។ យើងធ្វើបានល្អប៉ុណ្ណឹង ហើយគេថាយើងមិនល្អ ធម្មតាអ្នកថាតែមិនធ្វើចេះតែថាទៅ សម្រាប់អ្នកធ្វើហើយទទួលខុសត្រូវទើបប្រសើរ។ សម្តេចបន្តថា បោះឆ្នោតលើកនេះមិនអនុញ្ញាតឲ្យមានអំពើហិង្សានោះទេ។

ដោយឡែកអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា ក៏បានឡើងអានរបាយការណ៍ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតខណ្ឌពោធិ៍សែនជ័យ ដោយកាត់យកសង្កាត់ចំនួន១៣ពីខណ្ឌដង្កោចាស់ហើយបានផ្ទេរទីតាំងសាលាខណ្ឌដង្កោ ដែលស្ថិតនៅក្នុងសង្កាត់កាកាបទៅឲ្យសាលាខណ្ឌពោធិ៍សែនជ័យ និងផ្លាស់ប្តូរទីតាំងសាលាខណ្ឌដង្កោថ្មី ឲ្យស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ តាមអនុក្រិតលេខ៨០អន ក្រ.បក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបង្កើតខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ។ គណៈអភិបាលខណ្ឌដង្កោថ្មី អាណតិ្តទី១ ត្រូវបានប្រកាសតែងតាំងឲ្យចូលបម្រើការងារជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ នៅសាលារាជធានីភ្នំពេញ។ រយៈពេល៤ឆ្នាំ ៧ខែ និង២០ថ្ងៃ នៃការបង្កើតខណ្ឌដង្កោថ្មីគិតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ រដ្ឋបាលខណ្ឌក៏បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងមូលដ្ឋាន ព្រមទាំងធានានូវការអភិវឌ្ឍតាមបែបលទិ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព និងគណនេយ្យភាព តាមរយៈការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

នៅក្នុងរបាយការណ៍លោក នុត ពុធដារ៉ា ក៏បានលើកឡើងក្នុងសេចក្តីសនិ្នដ្ឋានថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពូជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពូជា ជាប្រមុខ និងអនុវត្តតាមការណែនាំ ចង្អុលបង្ហាញផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខាធិការដ្ឋានគណៈកម្មការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)តាមរយៈសាលារាជធានីភ្នំពេញរដ្ឋបាលខណ្ឌដង្កោបានខិតខំយកចិត្តទុកដាក់អនុវត្ត តាមច្បាប់ លិខិតបទដ្ឋាននានាដែលមានជាធរមាន ដើម្បីអនុវត្តឲ្យបានល្អប្រសើរនូវ គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន៖ ផ្លូវ ថ្នល់ លូ ប្រឡាយ ស្ពានជាដើម ។ល។

គួរបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខណ្ឌដង្កោបានរៀបចំពិធីអបអរសាទរដំណើរទស្សនៈកិច្ចសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងនោះប្រតិភូអមដំណើរដោយអភិបាល នៃអភិបាលរាជធានីភ្នំពេញ អភិបាលរងរាជធានី ប្រធានក្រុមប្រឹក្សារាជធានី លោក ម៉ប សារិន ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អភិបាលខណ្ឌទាំង១២ ចៅសង្កាត់ទាំង១៣ចំណុះឲ្យសាលាខណ្ឌដង្កោ និងក្រុមប្រឹក្សាសង្កាត់ មេភូមិទាំងអស់៕

lem (3) lem (6) lem (5) lem (4) IMG_7973

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print