ខេត្តកណ្តាល៖ ក្មេងអាយុ២ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីក្មេងស្រីរងគ្រោះរូបនេះដើររអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គ គ្មានអ្នកណាដឹងជួយសង្រ្គោះទាន់ពេលវេលា ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេមេគង្គខាងក្រោយផ្ទះរបស់ឈ្មោះ គិត កែវ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា កុមារីរងគ្រោះស្លាប់បាត់បង់ជិវិតនោះឈ្មោះ គង់ វណ្ណនីសា អាយុ២ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
ប្រភពដដែលបន្តថា កន្លងមកកុមារីរងគ្រោះឧស្សាហ៍ដើរទៅលេងនៅមាត់ច្រាំងទន្លេខាងក្រោយផ្ទះរបស់ឈ្មោះ គិត កែវ ជាមួយឪពុកនិងបងៗខ្លាំងណាស់ ។ លុះមកដល់ថ្ងៃកើតហេតុកុមារីរងគ្រោះបានទៅរត់លេងជាមួយបងៗ និងក្មេងៗដ៏ទៃទៀតនៅម្តុំចំណុចកើតហេតុ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីរត់លេងបានមួយសន្ទុះស្រាប់តែបាត់ក្មេងស្រីរងគ្រោះមិនឃើញ ទើបបងក្មេងស្រីរងគ្រោះដើរទៅរកមើលនៅចំណុចកើតហេតុ ក៏ប្រទះឃើញកុមារីរងគ្រោះអណ្តែតផ្កាប់មុន លើផ្ទៃទឹកពីច្រាំងទន្លេប្រមាណមួយម៉ែត្រ ។ ភ្លាមៗនោះបងក្មេងស្រីរងគ្រោះបានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្តាយ មកជួយស្រង់កុមារីរងគ្រោះឡើងលើគោកដើម្បីសង្រ្គោះ ទោះបីជាបែបណាក្មេងស្រីរងគ្រោះពុំអាចសង្រ្គោះបាននោះទេ ។ បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ