ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូកង់បីខ្មែរបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក៏ត្រូវបុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីមផ្លូវត្រង់ជ្រុលទៅបុកបណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ព្រមទាំងមានអ្នករងរបួស២នាក់ ហើយស្រាប់តែតំណាងភាគីខាងម៉ូតូមកដល់ក្នុងស្ថានភាពស្រវឹងមិនដោះស្រាយគ្នា បែរជាទាស់ពាក្យសម្ដីជាមួយនឹងសមត្ថកិច្ចទៅវិញ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១០យប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២៥ នៅចំណុចទល់មុខផ្សារទំនើបអុីអន១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេឃើញបុរសម្នាក់បានបើកម៉ូតូកង់បីខ្មែរ ពាក់ស្លាកលេខ ភ្នំពេញ 1N-5046 ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារសក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកេីតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវចូលទៅច្រកផ្សារទំនើបអុីអន តែពេលម៉ូតូកង់បីបត់បានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX-0143 បោះពួយតាមបណ្ដោយផ្លូវសុធារសក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជេីង ចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូកង់បីចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតព្រមទាំងធ្វើអោយមនុស្សរងរបួសបែកក្បាលយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ដោយឡែកខាងម៉ូតូហុងដាឌ្រីមវិញរងការខូចខាតផែ្នកខាងមុខព្រមទាំងធ្វើអោយមនុស្សរងរបួសបែកក្បាលនិងរបួសជើងខាងឆ្វេង តែមិនបានទៅមន្ទីរពេទ្យនោះទេ ។
ពាក់ព័ន្ធករណីនេះផងដែរ បន្តិចក្រោយមកក៏ស្រាប់តែបងប្អូនភាគីខាងម៉ូតូម្នាក់ទៅកន្លែងកេីតហេតុ ស្ថិតក្នុងស្ថានភាពស្រវឹង បែរជាមិននិយាយដោះស្រាយគ្នាទេ បែរជាមកឈ្លោះទាស់ពាក្យសម្ដីជាមួយនិងសមត្ថកិច្ចទៅវិញ រហូតទាល់តែសមត្ថកិច្ចប្រេីវិធានការក្តៅឃាត់យកទៅសួរនាំនិងវាស់ជាតិអាល់កុល ស្រាប់តែបុរសរូបនោះស្លូតបូតសុភាពរាបសាវិញ។
ក្រោយពេលកេីតហេតុ តំណាងភាគីទាំងសងខាងបានសម្រេចបញ្ចប់រឿងដោយសុខចិត្តយកមធ្យោបាយនិងទៅព្យាបាលរបួសនិងជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងតែម្ដង ៕ដោយ៖សុខាសែនជ័យ