ក្រសួងអប់រំបើកកិច្ចប្រជុំស្តីពី ការពិនិត្យភារកិច្ចទទួល ខុសត្រូវ និងយន្តការនៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យភារកិច្ចទទួលខុស ត្រូវនិង យន្តការនៃការត្រួតពិនិត្យតាមដាន និង វាយតម្លៃរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានអធិការកិច្ចនិងបណ្តឹងតវ៉ា និងនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងត្រួតពិនិត្យឡើងវិញនូវភារកិច្ចជាន់គ្នារវាងអង្គភាពពីរ គឺ សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដោយតម្រូវឱ្យនៅតាមក្រសួងស្ថាប័ននានាពិនិត្យបែងចែកតួនាទីភារកិច្ចអង្គភាពទាំង ពីរនេះឱ្យបានច្បាស់លាស់ ឬច្របាច់បញ្ចូលគ្នា។ កន្លង មកក្រសួងអប់រំ យុវជន និងកីឡាបានអនុវត្តភារកិច្ចទទួលខុសត្រូវនៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃតាមយន្តការសវនកម្មផ្ទៃក្នុងនិងអធិការកិច្ច ដែលអនុវត្តដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានអធិការ កិច្ចនិងបណ្ដឹងតវ៉ា និងនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ការត្រួតពិនិត្យតាមដាននិងវាយតម្លៃ តាមប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ត្រូវត្រួតពិនិត្យ វាយតម្លៃផ្ទៃក្នុងសម្រាប់រចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រសួង ឬរចនា សម្ព័ន្ធថ្នាក់ជាតិ និងការត្រួតពិនិត្យខាងក្រៅ រចនាសម្ព័ន្ធក្រសួង ឬរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវអនុវត្តភារកិច្ចស្របតាអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុងដែលត្រូវអនុវត្តនៅតាមអង្គភាពផ្ទៃក្នុងនៃរចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រសួង (ថ្នាក់ជាតិ)ដែលក្នុងនោះរួមមាន៖ អគ្គលេខាធិការដ្ឋាននិងអង្គភាពក្រោមឱវាទ, អគ្គនាយកដ្ឋាននិងអង្គភាពក្រោមឱវាទ, អគ្គាធិការដ្ឋាននិងអង្គភាពក្រោមឱវាទ, គ្រឹះស្ថានឧត្តមសិក្សានិងអង្គភាពក្រោមឱវាទ,និង គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន។

ដោយឡែក នាយកដ្ឋានអធិការកិច្ចនិងបណ្ដឹងតវ៉ា និងនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ដែលជាសេនាធិការឱ្យអគ្គាធិការដ្ឋាន ត្រូវអនុវត្តភារកិច្ចតាមអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការត្រួតពិនិត្យផ្ទៃក្រៅនៃ រចនាសម្ព័ន្ធរបស់ក្រសួង ឬរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ដែលក្នុងនោះមាន៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, រដ្ឋបាលក្រុង ស្រុក ខណ្ឌ (ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ), គ្រឹះ ស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស គិតចាប់ ពីគ្រឹះស្ថានមត្តេយ្យសិក្សាដល់ គ្រឹះស្ថានមធ្យមសិក្សា។

...

ដើម្បីធានាបាននូវប្រព័ន្ធអធិការកិច្ច និងសវនកម្មផ្ទៃក្នុង/ក្រៅមួយប្រកបដោយប្រសិទ្ធភាព ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖ ១) នាយកដ្ឋានជំនាញត្រូវធ្វើការសិក្សាពីយន្តការអធិការកិច្ចរបស់ប្រទេសផ្សេងៗ ដើម្បីរៀបចំជាឯកសារទស្សនទាន តម្រង់ទិសមុនឈានទៅអនុវត្តជំហានបន្ទាប់ ២) នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ត្រូវមានយន្តការច្បាស់លាស់ក្នុងការចុះពិនិត្យសាលា រៀនទាំងអស់ ក្នុងអំឡុងពេលវេលាជាក់លាក់ណាមួយ ដែលនេះជាអធិការកិច្ចតាមកាលកំណត់ និងមានអធិការកិច្ចតាមប្រធានបទ តាមមុខវិជ្ជា និងអធិការរួមផងដែរ ដើម្បីពិនិត្យមើលឱ្យបានពេញលេញ គ្រប់ជ្រុង ជ្រោយ រួមទាំងការចុះគាំទ្រផ្សារភ្ជាប់ជាមួយនឹងយន្តការអចិន្ត្រៃយ៍ ដោយដាក់បញ្ចូលគ្នារវាង គុណភាព ការធ្វើ តេស្ត ការបណ្ដុះបណ្ដាល និងការដំណើរការតាមសាលា រៀន (៣) សូមឱ្យរៀបចំគណៈកម្មការដើម្បីពិនិត្យការងារនតេស្ត PISA និង SEA-PLM ដែលមានក្រុមការងារជាក់លាក់ទទួលបន្ទុកការងារនេះជាប្រព័ន្ធ ទាំងការចុះជួយគាំទ្រ តាមដានការអនុវត្ត និងវាយតម្លៃកែលម្អ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print