ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានគូសរំលេចថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដែលបង្ហាញ ពីការជួបជុំគ្រួសារខ្មែរ ក្នុងសម្លៀកបំពាក់ប្រពៃណី នៅមុខប្រាសាទអង្គរវត្ត ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ហើយថា ក្រៅពីសង្ក្រាន្តនៅតាមរាជធានី-ខេត្ត គឺឱ្យមានការរៀបចំអង្គរសង្ក្រាន្ត សាជាថ្មី នៅខេត្តសៀមរាប ។
លោក ហ៊ុន ម៉ានី ថ្លែងដូច្នេះ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជូនដំណើរ យុវជនស្ម័គ្រចិត្តចំនួន ៥៨៦នាក់ នៃព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប ។
នៅក្នុងឱកាសនេះ លោកប្រធាន ស.ស.យ.ក បានថ្លែងអំណរគុណដល់ប្អូនៗដែលស្ម័គ្រចិត្ត ចូលរួម រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ខណៈក្រុមការងារយុវជន អង្គរសង្ក្រាន្ត នៅបន្តចេញដំណើរ ទៅចូលរួមអង្គរសង្ក្រាន្ត ខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា រហូតដល់ថ្ងៃទី១៣ ខែមេសា ដោយក្នុងនោះ យុវជនស្ម័គ្រចិត្តអង្គរសង្ក្រាន្តមួយចំនួន បានទៅដល់ខេត្តសៀមរាបរួចហើយ និងបានផ្ដាំផ្ញើ ដល់ប្អូនៗ ឱ្យចេះថែទាំសុខភាព នៅក្នុងកំឡុងពេល បំពេញភារកិច្ច ។
ឆ្លៀតក្នុងឱកាសនោះដែរ តាមរយៈប្អូនៗ លោកហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះអាណាព្យាបាល ដែលបានអនុញ្ញាតឱ្យប្អូនៗបានចូលរួមបំពេញភារកិច្ច ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ។
កញ្ញា សេង ហ៊ួយ មកពីវិទ្យាស្ថានអន្តរជាតិ អាយឃី បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រោះថា នេះគឺជាការចូលរួមលើការងារស្ម័គ្រចិត្តជាយុវជនលើកទី១ ។ កញ្ញាបន្តថា ការចូលរួមលើការងារស្ម័គ្រចិត្តនេះ គឺដើម្បីចង់បានបទពិសោធន៍ពីសង្គម ចង់ដឹងពេលទំនាក់ទំនង និងពង្រឹងភាពក្លាហានរបស់ខ្លួនឯង ។ កញ្ញា ក៏បានគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ទៅលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងន័យដើម្បីគាំទ្រលើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាយើង ក៏ដូចជាចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ ក្នុងខេត្តសៀមរាប ទៅកាន់ពិភពលោក ។
បើយោងតាមការបញ្ជាក់ពីលោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដកាលពីសប្តាហ៍កន្លងទៅ ថា អង្គរសង្ក្រាន្ត ឆ្នាំ២០២៣កន្លងទៅ នៅខេត្តសៀមរាប មានអ្នកទេសចរណ៏ជាតិ អន្តរជាតិជាង ២លាន ១សែននាក់ ។ ជាមធ្យមភ្ញៀវទេសចរណ៍ម្នាក់ ចាយថវិកាអស់ប្រមាណ ៦០ដុល្លាតអាម៉េរិក សម្រាប់អាហារ ថ្លៃស្នាក់នៅ និងសេវាដឹកជញ្ជូន ។
អង្គរសង្ក្រាន្ត បានចូលរួមលើស្ទួយវិស័យវប្បធម៌ និងទេសចរណ៍ជាតិ ជាពិសេស ខេត្តសៀមរាប បានទទួលផលច្រើន ខណៈតាមតួលេខពីក្រសួងទេសចរណ៍ នាឱកាស អង្គរសង្ក្រាន្តឆ្នាំ២០២៣ កន្លងទៅ បានឲ្យដឹងថា ខេត្តសៀមរាប បានទទួលចំណូលប្រមាណ ១០០លានដុល្លារ ចូលក្នុងវិស័យទេសចរណខេត្តសៀមរាប និងជាការចាក់ចំណូលចូលសេដ្ឋកិច្ចជាតិ ។
លោក សុខ សប្បាយណា បញ្ជាក់ទៀតថា ក្រុមការងារ អង្គរសង្ក្រាន្ត បានទទួលយុវជនស្ម័គ្រចិត្ត ចំនួនជាង ៥ពាន់នាក់ ក្នុងនោះ យុវជនចំនួន ២/៣ មកពីបណ្តាខេត្ត រាជធានី និង១/៣ យុវជនស្ម័គ្រចិត្ត មានស្រុកកំណើតនៅខេត្តសៀមរាប ៕
ដោយ ៖ សិលា