ខេត្តត្បូងឃ្មុំ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានអ្នកវិភាគមួយចំនួនតូច តែងតែរិះគន់ថា រាជរដ្ឋាភិបាល ពូកែខាងអួត ហើយមិនបានធ្វើអ្វីទាល់តែសោះ ដែលការលើកឡើងបែបនេះ គឺមិនពិតទាល់តែសោះ ព្រោះរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងកសាង សមិទ្ធផលនានាដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ជាជាងយកពេលទៅឆ្លើយតបជាមួយ អ្នករិះគន់ទាំងនោះ។
ក្នុងពិធីសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ប្រវែងសរុប ១១៤,៩៩២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរិះគន់នៅតាមបណ្តាញសង្គមហ្វេសប៊ុក គឺជារឿងមួយដែលមិនពិត ប៉ុន្តែអ្វីដែលសំខាន់គឺប្រជាពលរដ្ឋទទួលបានសមិទ្ធផលថ្មីៗជាក់ស្តែងបន្ថែមទៀត ដែលជួយបម្រើប្រជាពលរដ្ឋ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំឱ្យកាន់តែខ្លាំងបន្ថែមទៀត ហើយខេត្តនីមួយៗត្រូវប្រកួតប្រជែងគ្នាក្នុងការអភិវឌ្ឍ យើងមិនមែនប្រកួតគ្នាជេរ រិះគន់ មួលបង្កាច់ដូចមជ្ឈដ្ឋានមួយចំនួននោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា«ឆ្នាំ២០២៦ យើងគ្រោងបញ្ចប់ស្ពានព្រែកប្រសព្វ ចឹងគ្រោងយើងឥលូវនេះធ្វើយ៉ាងណាឱ្យអ្នកក្រចេះជិះទៅកំពង់ធំបាន[..] ស្ពានព្រែកប្រសព្វធ្វើចប់ យើងនឹងតផ្លូវ ៦០បេ ដែលផ្លូវនេះនឹងភ្ជាប់ពីក្រចេះ ទៅកំពង់ថ្ម ខេត្តកំពង់ធំ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ទៅឆ្លងកាត់ស្ពានគីហ្សូណា ទៀតនោះទេ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អ្នកនៅតាមផ្លូវនេះទាំងអស់នឹងក្លាយ ទៅជាប្រភពនៃតំបន់កសិកម្ម តំបន់ឧស្សាហកម្មដែលយើងអាចធ្វើបាន ដែលរាជរដ្ឋាភិបាលគ្រោងនឹងធ្វើឱ្យប្រទាក់ក្រឡាគ្នា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ទាំងផ្លូវមេថ្នាក់ជាតិ ផ្លូវនៅថ្នាក់ខេត្ត និងថ្នាក់ក្រោមជាតិ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «យើងកំពុងតែសិក្សាបន្ថែមទៀតពីខាងរតនគិរី និងមណ្ឌលគិរី តភ្ជាប់មកកុំចាំបាច់ទាល់តែមកកាត់ក្រចេះ មកកាត់ស្នូល ហើយចាក់មកត្បូងឃ្មុំ វាឆ្ងាយណាស់ យើងសិក្សាផ្លូវដែលអាចកាត់ពី រតនគិរី មណ្ឌលគិរី តាមផ្លូវគោក ភ្ជាប់ក្រចេះឡើងមកទៀត ចឹងថ្ងៃក្រោយអ្នកស្ទឹងត្រង់ចង់ទៅលេងមណ្ឌលគិរីកាន់តែជិតហើយ»៕
ដោយ ៖ សិលា