ខេត្តត្បូងឃ្មុំ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា អ្នកវិភាគមួយចំនួនបានគិតថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាថ្មីឡើងកាន់តំណែងមក ទំនាក់ទំនងកម្ពុជា-ចិនកាន់តែធ្លាក់ចុះ ដោយមិនមានការជឿទុកចិត្តគ្នា មិនមានការចូលរួមជួយដូចមុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កម្ពុជាពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ហើយក្នុងនោះទំនាក់ទំនងកម្ពុជា-ចិនក៏មិនមានអ្វីប្រែប្រួលដែរ ពោលគឺផ្អែកទៅលើមូលដ្ឋានដែលយើងមាន៦៧ឆ្នាំមកនេះ ហើយយើងនឹងបន្តរឹងមាំបន្ថែមទៀត ជាក់ស្តែងនាពេលដ៏ខ្លីខាងមុខនេះឯកឧត្តមប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា ដែលនេះជាសារបញ្ជាក់ថែមទៀតថា ទំនាក់ទំនងកម្ពុជា-ចិននៅតែបន្តរឹងមាំ និងដើរលើគន្លងនៃការជួយគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាព ការគោរពសិទ្ធិ និងការជួយគ្នាដោយមិនលូកលាន់នៅក្នុងកិច្ចការផ្ទៃក្នុងរៀងៗខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសម្ពោធសមិទ្ធផលថ្ងៃនេះជាសក្ខីភាពមួយនៅក្នុងការបន្តពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា-ចិនដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមរវាងនៅកម្ពុជានិងការជួយឧបត្ថម្ភគាំទ្ររបស់ចិននៅតែបន្តដើម្បីជាអត្ថប្រយោជន៍ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិរបស់យើងជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ប្រទេសចិន បានជួយសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា គិតជាប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ដែលបានប្រទាក់ក្រឡាទូទាំងប្រទេស។ ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន គ្មានអ្វីប្រែប្រួលនោះទេ ដោយស្តែងឡើងតាមរយៈសមិទ្ធផលជាច្រើនរួមមានផ្លូវ ស្ពាន ព្រមទាំងសមិទ្ធផលជាច្រើនកំពុងរីកដុះដាលលើទឹកដីកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយកសាងផ្លូវជាតិលេខ៧១C ជូនកម្ពុជា ដែលជាផ្លូវជាតិមួយដ៏មានសារៈសំខាន់ក្នុងការតភ្ជាប់ និងធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសចិន គឺជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ទូទាំងប្រទេសកម្ពុជា។ ក្នុងនោះមិត្តចិន ត្រូវបានទទួលស្គាល់ថា ជាប្រទេសដៃគូលំដាប់ទី១ ដែលបាននឹងកំពុងផ្តល់ហិរញ្ញប្បទាន សម្បទាន និងជំនួយឥតសំណងជាច្រើន ជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «គិតដល់បច្ចុប្បន្ននេះ គឺមានទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារ សម្រាប់គាំទ្រដល់ការលើកកម្ពស់គុណភាពផ្លូវ ថ្នល់ និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេស និងក្នុងតំបន់»។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ប្រសិនបើនិយាយពីទំនាក់ទំនងការទូត នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា និងចិន ត្រូវរៀបចំពិធីអនុស្សាវរីយ៍លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ ពោលគឺបានចាប់ផ្តើមពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ទំនាក់ទំនងកម្ពុជា និងចិន បន្តមានភាពល្អប្រសើរឡើងរហូតក្លាយជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅចុងខែធ្នូ ឆ្នាំ២០១០។
ជាមួយនឹងទំនាក់ទំនងស្អិតរមួត និងគោរពគ្នាទៅវិញ ទៅមករវាងកម្ពុជា និងចិន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា និងចិន ក៏បានកំណត់យកជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដើម្បីបន្តរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ រួមចំណែកបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា-ចិន និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តងដារក្នុងយុគសម័យថ្មី៕
ដោយ ៖ សិលា