ភ្នំពេញ៖ តាមរយៈការបង្ហាញមុខជនសង្ស័យចំនួន ២៣ នាក់ ជាសាធារណៈនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងកាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះថា ក្នុងរយៈពេល ៣ ខែ ចុងក្រោយនេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលនៅតាមបណ្ដាខណ្ឌនានា បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យជាច្រើនគួរឲ្យកត់សម្គាល់។
លោកអ្នកនាំពាក្យ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងរយៈពេល ៣ ខែនេះ បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ១២២ លើក លើ ១៤០ លើក សមត្ថកិច្ចបង្ក្រាបបានចំនួន ១១៦ ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន ១៧១ នាក់ គឺ ស្មើនឹង ៩៥%។ ក្នុងនោះ បទល្មើសឧក្រិដ្ឋចំនួន ២០ លើក បង្ក្រាបបាន ១៩ លើក និងករណីមជ្ឈិមចំនួន ១០២ លើក បង្ក្រាបបាន ៩៧ លើក ឃាត់ខ្លួនជនសង្ស័យចំនួន ១២១ នាក់។ ទាំងបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម មានការថយចុះ។ នេះបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសមត្ថកិច្ចនគរបាល បើសិនប្រជាពលរដ្ឋមានការសង្ស័យ សូមប្ដឹងមកសមត្ថកិច្ច ដើម្បីមានវិធានការ៕ដោយ៖តារា