រឿង ស្នាមអតីត (តចប់)

ចែករំលែក៖

ចុងរដូវវស្សាភ្លៀងធ្លាក់ឥតលោះថ្ងៃ ម្យ៉ាងនៅក្នុងស្រុកព្រៃផង សំអាន បានធ្លាក់ខ្លួនឈឺគ្រុនចាញ់ក្តៅរងាញាក់ញ័រគួរជាទីសង្វេគក្រៃលែង។ ទោះបីជាគ្រុនរងាញាក់យ៉ាងនេះទៅហើយ សំអាន នៅតែខំត្រដរទៅការដ្ឋានធ្វើការព្រោះគ្មានជម្រើសទេ។ អង្គការភ្នែកម្នាស់ មិនជឿងាយៗថាយើងឈឺឡើយ។ អង្គការអាចចោទយើងថាធ្វើពុតជាឈឺ ក្បត់នឹងអង្គការ។ មកដល់ការដ្ឋានធ្វើការមិនបានប៉ុន្មានផង សំអាន សន្លប់បាត់ស្មារតី ហើយត្រូវមេកងយកទៅមន្ទីរពេទ្យដែលមានមូលដ្ឋាននៅក្នុងវត្តស្រុក។ សំអាន បានដេកសម្រាកនៅក្នុងព្រះវិហារជាមួយអ្នកជំងឺជាច្រើននាក់ទៀតដែលគ្មានសង្ឃឹមថានឹងបានរួចជីវិតរស់ទៀតឡើយ។ សំអានដេកញ័រទទ្រើតដោយរោគាញាំញីឥតមេត្តា។ សំអាន ផឹកតែថ្នាំដែលសូនចេញពីរុក្ខជាតិបុរាណដាក់ក្នុងដបទឹកក្រូចមានពណ៌ខ្មៅសណ្ឋានដូចអាចម៍ទន្សាយ តែហាក់ពុំមានប្រសិទ្ធភាពចំពោះរោគរបស់សំអានទាល់តែសោះ។ រាងកាយសំអានដេកអស់សង្ឃឹមដោយអារម្មណ៍វិលវល់ក្នុងរូបកាយស្គមគ្មានកម្លាំង នឹកដល់ឪពុកម្ដាយនិងបងស្រីប្អូនប្រុស ដោយមិនដឹងអ្នកទាំងនោះរស់នៅមានសេចក្តីសុខឬក្តីវេទនាយ៉ាងណាទេ។ ៣ ថ្ងៃក្រោយមកព្រលឹងសំអានបានក្រោកចាកពីរូបកាយដ៏ទ្រុឌទ្រោមទៅកាន់ពិភពថ្មីមួយទៀតដែលគ្មាននរណាអាចដឹងថានៅទីណាឡើយ។
លោកគ្រូ សំអុរ បានមករស់នៅក្នុងភូមិចំបក់ជ្រុំរយៈពេលយូរគ្រាន់បើដែរ។ គាត់ខំរស់លាក់ប្រវត្តិដើម្បីរក្សាជីវិតរបស់គាត់ ព្រោះបើអង្គការដឹង គាត់មិនអាចរស់ឡើយ។ រៀងរាល់ថ្ងៃ អង្គការបានឲ្យលោកគ្រូធ្វើស្រែក្នុងភូមិជាមួយប្រជាជនចាស់។ ល្ងាចថ្ងៃមួយមុនពេលហូបបាយ អង្គការបានបង្ហាញជនកងកម្លាំងចល័តថ្មីដែលបានចល័តមកពីស្រុកផ្សេងៗហើយមកជួយធ្វើការក្នុងតំបន់នោះ។ ក្នុងចំណោមជនចំណូលថ្មីមានម្នាក់ជាអតីតកូនសិស្សលោកគ្រូ សំអុរ ពីសង្គមចាស់ដែលមានគំនុំក្តៅដូចភ្លើងជាមួយពួកអ្នកមានទ្រព្យធន។ អតីតកូនសិស្សនេះហើយជាអ្នកនាំខ្សែជីវិតលោកគ្រូសំអុទៅកាន់ភាពជូរចត់ ។ លោកគ្រូ សំអុរ មិនបានចាប់អារម្មណ៍ចំណាំមុខសិស្សរបស់គាត់ឡើយ។ ក្រោយបានមករស់នៅក្នុងភូមិនេះកងចល័តយុវជនត្រូវអង្គការប្រគល់ការងារស្នូលក្នុងឃុំឲ្យធ្វើគឺជីកប្រឡាយ។ សាម៉េត ជាអតីតសិស្សលោកគ្រូសំអុលបានផុសការសងសឹកចំពោះលោកគ្រូសំអុរ ឡើងក្នុងអារម្មណ៍ភ្លាម។ សាម៉េត គំុនឹងលោកគ្រូ សំអុរ ព្រោះកាលពីសង្គមមុនលោកគ្រូ សំអុល បានរារាំងសិស្សរបស់គាត់កុំឲ្យធ្វើបដិវត្តន៍ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ។ សាម៉េតតែងតែលួចសម្លឹងទៅលោកគ្រូ សំអុរ ជារឿយៗ។
រាត្រីត្រជាក់ខ្យល់សំណើមទឹកភ្លៀងដើមរដូវវស្សាបានបក់តិចៗអង្រួនរុក្ខជាតិទាំងឡាយឲ្យឈររេរាំតាមខ្យល់ដូចជាគ្មានកង្វល់ជាមួយមនុស្សលោកសោះ។ លោកគ្រូ សំអុរ ហៀបនឹងផ្លុំពន្លត់ភ្លើងចន្លោះចូលសម្រាកជាមួយ មីង ធីតាក្នុងខ្ទមទៅហើយស្រាប់តែមានស្រមោលខ្មៅស្ទុងៗមកពីចម្ងាយ។ សាម៉េតនិងកងឈ្លបបួននាក់ ដើរសំដៅមកកូនខ្ទមរបស់លោកគ្រូសំអុរ ។មកដល់ភ្លាម សាម៉េត ចាប់ស្រដីភ្លាមថា សុខសប្បាយទេលោកគ្រូសំអុរ? លោកគ្រូ សំអុរ តបដោយភិតភ័យវិញថា បាទខ្ញុំសុខទេក្មួយម្តេចហៅខ្ញុំគ្រូអ៊ីចឹង? ឮលោកគ្រូសំអុរ សួរដូច្នោះ សាម៉េត និយាយដោយទឹកមុខមាំមកកាន់លោកគ្រូវិញថា លោកគ្រូសំអុលឯងពូកែលាក់ពុតណាស់ ខ្លួនឯងជាគ្រូបង្រៀនកាលពីសង្គមចាស់ គ្រូឯងស្មានតែខ្ញុំមិនដឹងឬ? កាលពីសង្គមសាធារណរដ្ឋខ្មែរខ្ញុំបានរៀនជាមួយលោកគ្រូឯងដែរតើ តែប្រហែលគ្រូឯងមិនចាំខ្ញុំទេមើលទៅព្រោះខ្ញុំវាក្រ រៀនមិនពូកែដូចគេ ខ្ញុំក៏ឈប់រៀនចូលបដិវត្តន៍ទៅ។ ឥឡូវនិស្ស័យបានបណ្ដាលឲ្យខ្ញុំបានមកជួបលោកគ្រូម្ដងទៀតហើយ។ តើលោកគ្រូមានអីចង់ប្រកែកជាមួយអង្គការទៀតទេ? ឥឡូវសមមិត្តឯងត្រូវស្នើឲ្យទៅជួយធ្វើការឲ្យអង្គការថ្នាក់លើនៅទីក្រុង។ មិត្តឯងឆាប់រៀបចំទៅ យើងចេញទៅឥឡូវនេះ។ លោកគ្រូសំអុលភ័យណាស់ក៏និយាយអង្វរវិញថា តែឥឡូវខ្ញុំធ្វើការបម្រើអង្គការថ្នាក់លើណា លោកក្មួយខ្ញុំមិនហ៊ានជំទាស់អង្គការម្ដងណាទេ។ លោកក្មួយសូមលោកក្មួយអាណិតកុំធ្វើអីខ្ញុំលោកក្មួយ។ ចំណែកមីងធីតាក៏ជួយអង្វរសាម៉េតដែរប៉ុន្តែសាម៉េតមិនព្រមឡើយ។
ដំណើរឃ្លាតលើកនេះ លោកគ្រូសំអុរ បានដឹងច្បាស់ណាស់ថាខ្លួនរបស់គាត់ប្រាកដជាមិនអាចត្រឡប់មកជួបប្រពន្ធកូនខ្លួនវិញឡើយ។ មុនពេលចាកចេញពីប្រពន្ធកម្សត់ទៅតាមពួកឈ្លបនិងសាម៉េត លោកគ្រូ សំអុល បានផ្ដែផ្ដាំប្រពន្ធខ្លួនថា អស់ពីខ្ញុំទៅ ចូរឯងមើលថែខ្លួន និងកូនស្រីប្រុសយើងឲ្យបានល្អ។ ខ្ញុំមិនបាននៅមើលថែឯងទៀតទេ។ ពាក្យសម្ដីតែប៉ុន្មានម៉ាត់នេះប៉ុណ្ណោះ ជាទ្រព្យចុងក្រោយដែលលោកគ្រូសំអុលបានបន្សល់ទុកឲ្យមីងធីតា។ មីងធីតាអង្គុយមើលកងឈ្លបបណ្តើរប្ដីរបស់គាត់ចាកចេញទៅដោយទឹកភ្នែករហាម។
ឱ!ឈាមអ្នកចេះដឹងខ្មែរទាំងឡាយ តើអ្នកខុសអ្វីទើបអង្គការខ្មែរក្រហមប្រហារជីវិតដោយឥតស្ដាយស្រណោះអ៊ីចឹង ? អ្នកគ្មានកំហុសទេ តែអ្នកត្រូវចោទថាក្បត់នឹងអង្គការទៅវិញ។ ចុះអ្នកដែលលើកដៃពិឃាតជីវិតមនុស្សរាល់គ្នានោះ អ្នកស្មោះនឹងអង្គការមហាលោតផ្លោះមហាអស្ចារ្យមហារុងរឿងខ្លាំងប៉ុណ្ណាទៅ? ឈាមខ្មែរហូរដូចសមុទ្រក្នុងមហានគរ ទឹកភ្នែកខ្មែរហូរជាទន្លេជន់ក្នុងផ្ទៃប្រទេស វប្បធម៌ខ្មែរដែលបុព្វបុរសបានបន្សល់ទុកឲ្យបានរលាយសាបសូន្យដូចផ្សែងក្នុងអាកាសវេហា។ បន្ទាប់ពីលោកគ្រូសំអុលត្រូវអង្គការស្នើយកទៅបាត់ទៅ មីងធីតា នៅតែខំធ្វើការឥតរុញរាឡើយ ព្រោះតែខ្លាចអំណាចអង្គការ។ ម្យ៉ាងទៀត គាត់នៅមានក្តីរំពឹងមួយទៀតថា

នឹងបានជួបមុខកូនប្រុសស្រីរបស់គាត់វិញនៅថ្ងៃណាមួយ។
* សល់តែសំបកកាយ :
នៅខែ ធ្នូ ឆ្នាំ ១៩៧៨ កម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាប់កញ្ជ្រោលឡើងក្នុងខេត្តក្រចេះ។ កងទ័ពវៀតណាមបានវាយសម្រុកចូលប្រទេសកម្ពុជាលើកងកម្លាំងពួកខ្មែរក្រហមយ៉ាងសន្ធាប់ ហើយធ្វើឲ្យកងទ័ពខ្មែរក្រហមដកថយពីសមរភូមិប្រយុទ្ធជាបន្តបន្ទាប់។ លុះដល់ថ្ងៃ ៧ ខែមករាឆ្នាំ ១៩៧៩ កងទ័ពវៀតណាមបានកាន់កាប់ទីក្រុងភ្នំពេញ ហើយប្រទេសកម្ពុជាបានប្ដូររបបដឹកនាំថ្មី។ ខេត្តក្រុងនានាត្រូវរំដោះឲ្យប្រជាជនមានសិទ្ធិសេរីពេញលេញជាបន្តបន្ទាប់។ ដោយឡែកប្រជាជននៅក្នុងខេត្តក្រចេះ ត្រូវបានរំដោះខ្លួនពីអង្គការកំណាចតាំងពីចុងខែធ្នូមកម៉្លេះ ព្រោះតំបន់នោះជាតំបន់បូព៌ា។
មីងធីតា ក៏ដូចជាប្រជាជនដទៃទៀត បាននាំគ្នាទៅរកកូនដែលបានរស់នៅបែកគ្នាតាំងពីយូរមកហើយ។ មីងធីតា បានជួបនឹងសំអាងនៅក្នុងភូមិមួយដែលគាត់ស្នាក់នៅ។ សេចក្តីរីករាយបានកើតឡើងចំពោះសំអាងដែលបានបែកពីម្ដាយរបស់ខ្លួនប្រមាណជាង ឆ្នាំមកហើយ។ ចំណែកនាងសំអាត និងសុផល បានវិលមករកមីងធីតានៅភូមិចំបក់ដែរ បន្ទាប់ពីបានទទួលដំណឹងពីអ្នកភូមិ។
ជិតបីខែទើបមីងធីតា និងកូនៗបានវិលត្រឡប់មកដល់ភូមិកំណើតខ្លួននៅក្រុងកំពង់ចាម បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ប្រជាជនខ្មែរម្នាក់ៗ នៅសល់តែបាត់ដៃទទេ គ្មានទ្រព្យធនអ្វីឡើយ។ ម្នាក់ៗខិតខំធ្វើស្រែយកស្រូវចិញ្ចឹមជីវិតក្នុងជីវភាពថ្មីបន្ទាប់ពីបញ្ចប់របបខ្មៅងងឹតនេះ។ចំណែកឯ សំអាត មិនបានលែងលះពី សុផល ជាប្ដីដែលអង្គការបានរៀបចំផ្គុំឲ្យទេ។ អ្នកទាំងពីររស់នៅក្នុងក្រុងកំពង់ចាមជាទឹកដីកំណើតជាទីស្នេហាក្នុងជីវភាពថ្មីមួយជាមួយម្ដាយ និងប្អូនប្រុស។
អ្វីៗគ្រប់បែបយ៉ាងបានក្លាយទៅជាស្រមោលអតីតខ្មៅងងឹត ដិតជាប់ក្នុងការចងចាំរបស់ប្រជាជនខ្មែរគ្រប់គ្នា ហើយការចងចាំនេះ គឺជាការចង់ចាំដ៏ឈឺចាប់មួយក្នុងសតិអារម្មណ៍របស់ប្រជាជនខ្មែរយើងមិនអាចលុបស្នាមអតីតនេះពីការចងចាំរបស់យើងបានឡើយ ប៉ុន្តែយើងសូមផ្ញើស្នាមអតីតនេះក្នុងបេះដូងរបស់ខ្មែរគ្រប់ជំនាន់សម្រាប់ជាបទពិសោធន៍ និងជាមេរៀនប្រវត្តិសាស្ត្ររបស់ខ្មែរតទៅ៕ (ចាប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print