ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ នៅចំណុចភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ព្រីង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីធ្វើការសាកសួរ ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់, ទូរស័ព្ទដៃចំនួន០១គ្រឿង ។
ឆ្លងតាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៦,៤០នាទី នៅចំណុចភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ឆូយ ឈៀង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (ជាមេក្លោង) ។ វត្ថុតាងចាប់យកបានរួមមាន៖ សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ៖តារា