ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចូលដល់ថ្ងៃទី២ (២៣សីហា២០១៦)មានបេក្ខជនអវត្តមាន ១៣០៧នាក់ និងអ្នកមានបញ្ហាសុខភាព ១៤នាក់ បើប្រៀបធៀបការប្រឡងថ្ងៃទី១ ឃើញថាបេក្ខជនអវត្តមានបានកើនឡើង១០០នាក់ និងអ្នកមានបញ្ហាសុខភាពបាន កើនឡើងដល់ទៅ៨នាក់ឯណោះ គ្រាដែលគេដឹងថា នៅថ្ងៃទី១ នៃការប្រលង មានបេក្ខជនអវត្តមាន ១២០៧ នាក់ និងអ្នកមានបញ្ហាសុខភាព តែ ៦នាក់នោះ ។
យោងតាមគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ដំណើរការសំណេរ នាព្រឹកថ្ងៃទី២នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា) ។
គេហទំព័រនេះបានបញ្ជាក់ថា ដំណើរការសំណេរ បានបន្តប្រព្រឹត្តទៅ ដោយរលូនល្អ ពោលគឺគណៈមេប្រយោគ គ្រប់លំដាប់ថ្នាក់ មានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ទោះបីនៅខេត្តមួយចំនួន មានភ្លៀងក៏ដោយ។ ដោយឡែកបេក្ខជន ក៏នៅតែបន្តគោរព បទប្បញ្ញត្តិនៃការប្រឡង បានល្អ មានភាពជឿជាក់ខ្លួនឯង និងខិតខំធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។ ដោយមានការចូលរួមយ៉ាងសកម្ម ពីអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រី និងសង្កេតការណ៍ស្ម័គ្រចិត្ត មកពីអង្គភាព ប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលពាក់ព័ន្ធផងនោះ រឹតតែធ្វើឲ្យការប្រឡង ប្រព្រឹត្តទៅយ៉ាងរលូន និង តម្លាភាពក្រៃលែង។
ទោះយ៉ាងណាតាមសេចក្តីរាយការណ៍ពីខេត្តបាត់ដំបងឯណោះវិញ មានបេក្ខនារីម្នាក់ មានបញ្ហាសុខភាពធ្ងន់ធ្ងរគ្រាដែលកំពុងអង្គុយប្រលង បានដួលសន្លប់ ហើយត្រូវបានគ្រូពេទ្យ ជួយសង្រ្គោះនៅនឹងកន្លែងឲ្យដឹងខ្លួន រួចឲ្យបន្តធ្វើកិច្ចការប្រឡងឡើងវិញទាំងដៃជាប់បន្តោង សេរ៉ូម និងដាក់បំពង់អុកស៊ីហ្សែនជាជំនួយដង្ហើមទៀតផង ៕
ដោយ៖ ប្រាថ្នា