សមត្ថកិច្ចនគរបាល ក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ០២នាក់ មានម្នាក់ជាអ្នកសារព័ត៌មានពាក់ព័ន្ធករណីលួចម៉ូតូនិងទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាល ក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ០២នាក់ មានម្នាក់ជាអ្នកសារព័ត៌មាន ពាក់ព័ន្ធករណីលួចម៉ូតូនិងទទួលផលចោរកម្ម។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាជនសង្ស័យមានឈ្មោះពៅ សុភ័ណ្ឌ ហៅ សាច់ដុំ   ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងឈ្មោះ ព្រំ ចាន់ថា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អាប់ និងជាអ្នកសារពត៌មាន មានទីលំនៅភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៦:១៥នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្ដឹងមួយច្បាប់ពីឈ្មោះ យិន ស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្ដឹងចោទប្រកាន់លើជនសង្ស័យឈ្មោះ សាច់ដុំ ដែលបានធ្វើសកម្មភាពលួចម៉ូតូរបស់បុគ្គលិក នៅចំណុចមុខKING CLUB ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងកំណត់មុខសញ្ញា តាមរយៈកាំមេរ៉ាសុវត្ថិភាព ដើម្បីស្រាវជ្រាវតាមចាប់ខ្លូន ។

រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវ និងកំណត់បានទីតាំងរបស់ជនសង្ស័យឈ្មោះ សាច់ដុំ និងឃាត់ខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ពៅ សុភ័ណ្ឌ ហៅ អាសាច់ដុំ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក VISION ពណ៌ប្រផេះ ពាក់ស្លាកលេខវៀតណាម(មិនចាំផ្លាកលេខ) នៅចំណុចមុខ KING CLUB កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ពិតប្រាកដមែន និងបានយកទៅទុកនៅបន្ទប់ខ្លួននៅក្រោយសាលាបឋមសិក្សា ហ៊ុន សែនបាវិត( សាលាអូវ៉ាង) ហើយខ្លួនក៏បានទាក់ទងទៅឈ្មោះ ចាន់ ថា ភេទប្រុស ជនជាតិខ្មែរ មុខរបររត់ផាស់អាប់ មកមើលម៉ូតូនៅបន្ទប់របស់ខ្លួន និងបានលក់ឲ្យឈ្មោះ ចាន់ ថា ក្នុងតម្លៃ ៤៥០$(បួនរយហាសិបដុល្លារ) ។

ក្រោយពីបានទទួលបានចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ពៅ សុភ័ណ្ឌ ហៅសាច់ដុំ សមត្ថកិច្ចបានប្រើវិធានការជំនាញស្រាវជ្រាវរកជនសង្ស័យឈ្មោះ ចាន់ថា ដែលជាអ្នកទទួលផលចោរកម្ម ។

សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនឈ្មោះ ចាន់ថា បាននៅចំណុចមុខកាស៊ីណូឡឺម៉ាកាវ និងនាំខ្លួន យកមកកាន់ប៉ុស្តិ៍នករបាលេដ្ឋបាលបាវិត ដើម្បីសួរនាំបន្ត ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ព្រំ ចាន់ថា បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានទទួលទិញម៉ូតូម៉ាកVISION ពណ៌ប្រផេះ ផ្លាកលេខវៀតណាម(មិនចាំផ្លាកលេខ) ពីឈ្មោះ សាច់ដុំ ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ខាងលើ សមត្ថកិច្ចធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print