រាជរដ្ឋាភិបាលកម្ពុជា រៀបចំតុបតែងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រលោក ស៊ី ជីនពីង មកកម្ពុជានាថ្ងៃស្អែកនេះ

ចែករំលែក៖

ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី ១៧ មេសា ឆ្នាំ២០២៥ ស្អែកនេះ ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី២ ក្រោយខកខានជិត១០ឆ្នាំចាប់តាំងពីឆ្នាំ២០១៦មក។

ក្នុងដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង នៅពេលនេះ លោក នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង ជួបពិភាក្សាជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និង ផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។

បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។
សូមបញ្ជាក់ថា ៖ ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិន មានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំមកហើយ ហើយចំណងមិត្តភាពនេះបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ រហូតបានក្លាយជា «មិត្តដែកថែប» ដូចពេលបច្ចុប្បន្ន។
អ្វីដែលគួរឱ្យកត់សម្គាល់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងប្រើពាក្យថា «អ្នកជិតខាងល្អ , មិត្តល្អ , ដៃគូល្អ , បងប្អូនល្អ»មកប្រៀបធៀបពីចំណងមិត្តភាពកម្ពុជា-ចិន ដែលសបង្ហាញយ៉ាងប្រចក្ស ពីគោលនយោបាយការទូត ដែលតម្កល់ទុកគ្នា ក្នុងឋានៈជាអាទិភាព ។ ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរ បានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាព រវាងប្រទេសធំនិងប្រទេសតូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនា និងសមភាពរវាងជាតិសាសន៍និងអរិយធម៌ទីទៃគ្នា ។
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងចិនបានវិវឌ្ឍរីកចម្រើនខ្លាំង បន្ទាប់ពីមានការពូនជ្រំនិងថែទាំយ៉ាងយកព្រះទ័យ/ចិត្តទុកដាក់ ពីសំណាក់ព្រះករុណាព្រះបរមរតនកោដ្ឋនិងថ្នាក់ដឹកនាំកំពូល ជំនាន់ចាស់របស់ប្រទេសចិន ហើយឈានទៅរកការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្នមន្ត្រីកម្ពុជាបានរក្សាទំនាក់ទំនងល្អ ជាប់រហូតជាមួយថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ និងបានតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ចិន ដើម្បីទាញយកផលប្រយោជន៍ឈ្នះ-ឈ្នះ ។ សម្តេចតែងមានប្រសាសន៍ថា «ជំនួយឧបត្ថម្ភរបស់មិត្តចិនគឺមិនគ្រាន់តែចូលរួមចំណែក ដល់ភាពរីកចម្រើនរបស់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដល់ការពង្រឹងឯករាជ្យភាព និងអធិបតេយ្យរបស់កម្ពុជាឱ្យខ្ពស់មុខខ្ពស់មាត់ លើឆាកអន្តរជាតិផងដែរ។» ជាពិសេស ការរាប់អានគ្នាដោយស្មោះស្ម័គ្ររវាងថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ បានជំរុញឱ្យចំណងមិត្តភាពមានភាពស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ ពុំធ្លាប់មានដែលសន្មតគ្នាជា «មិត្តដែកថែប»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នងមរតកនយោបាយរបស់សម្តេចតេជោ ដោយរក្សាទំនាក់ទំនង ដ៏ស្អិតល្មួតជាមួយប្រទេសចិន ដែលធ្វើឱ្យផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះលេចចេញជារូបរាងជាបន្តបន្ទាប់ ។ ជំនួបចំនួនពីរលើករវាងសម្តេច និងថ្នាក់ដឹកនាំកំពូលៗរបស់ចិន បានជំរុញឱ្យយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា បន្ស៊ីគ្នាកាន់តែស៊ីជម្រៅជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ចិន ដើម្បីឆ្លោះទៅរកការអភិវឌ្ឍនិងវិបុលភាពរួមក្នុងយុគសម័យថ្មី។
ជាក់ស្តែង ផ្តើមពីកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រហូតដល់ «កិច្ចសហប្រតិបត្តិត្បូងពេជ្រ» និងការរួមគ្នាកសាង «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» និង «ច្រករបៀងត្រីនិងអង្ករ» ប្រទេសទាំងពីរកម្ពុជានិងចិន បានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត ដែលនាំមកនូវផលប្រយោជន៍ដ៏ធំសម្បើមជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ក្នុងនោះ គម្រោងហេដ្ឋរចនាសម្ព័ន្ធនិងវិស័យជាច្រើនទៀត ដែលជាជំនួយរបស់មិត្តចិនបានលេចចេញជា រូបរាងជាបន្តបន្ទាប់នៅកម្ពុជា សមិទ្ធផលទាំងនេះហើយជាសក្ខីភាពដ៏ប្រចក្ស ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ មិនរង្គោះរង្គើរវាងប្រទេសទាំងពីរ។

យ៉ាងណាមិញ តែងមានបុគ្គលឬកម្លាំងមួយក្តាប់តូច ដែលមិនចង់ឃើញទំនាក់ទំនងល្អរវាងប្រទេសពីរកម្ពុជា និងចិន រហូតដល់កើតជាចិត្តគំនិតទុច្ចរិត ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងចេតនាញុះញង់បំបែកបំបាក់ ដើម្បីកេងចំណេញខាងនយោបាយ ឬបម្រើផលប្រយោជន៍របស់ខ្លួន ។ ប៉ុន្តែ កម្លាំងឬបុគ្គលទាំងនេះហាក់ដូចជា មើលស្រាលលើចំណងមិត្តភាពពាន់ឆ្នាំ និងកិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំនិងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ ក្នុងការពង្រឹងនិងពង្រីកចំណង ភាតរភាពឱ្យឋិតថេរគង់វង្សយូរអង្វែង ពោលគឺកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរនៅតែបន្តប្រព្រឹត្តិទៅ យ៉ាងរលូនដោយគ្មានភាពល្អក់កករអ្វីឡើយ។
ជាពិសេស លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជានៅថ្ងៃទី១៧-១៨ ខែមេសានេះ ។ ត្រង់នេះ គេអាចចោទសួរទៅអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយថា «ប្រសិនបើកម្ពុជានិងចិន មានភាពចម្រូងចម្រាស់នឹងគ្នាមែននោះ ចុះហេតុអ្វីបានជាប្រមុខដឹកនាំកំពូលរបស់ចិនធ្វើទស្សនកិច្ចនៅកម្ពុជា?» បើស្វែងយល់ពី ទម្លាប់ការទូតអន្តរជាតិគេនឹងយល់ដឹងថា ប្រសិនជាប្រទេសពីរដែលមិនត្រូវគ្នា កុំថាឡើយប្រមុខរដ្ឋឬរដ្ឋាភិបាល សូម្បីមន្ត្រីថ្នាក់ក្រោមក៏គេមិនធ្វើទស្សនកិច្ចទៅវិញទៅមកដែរ ។ អាស្រ័យហេតុនេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានរដ្ឋចិននៅកម្ពុជាលើកនេះ មិនត្រឹមតែដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញសញ្ញាមួយដ៏ច្បាស់លាស់ថា មិត្តភាពកម្ពុជា-ចិននៅតែរឹងមាំដូចដែកថែប។
ជារួម មិត្តភាពរវាងប្រទេសទាំងពីរកម្ពុជាចិនបានឆ្លងកាត់ការសាកល្បងនៃពេលវេលា ហើយមិនខ្លាចការញុះញង់បំបែកបំបាក់ ពីក្រុមអមិត្តនោះឡើយ ។ ការរួមគ្នាកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន បាននិងកំពុងកើតចេញជាផ្លែផ្កាក្រោមការណែនាំ ដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកំពូល និងកិច្ចខិតខំប្រឹងប្រែងរួមរបស់ ស្ថាប័នគ្រប់ជាន់ថ្នាក់ នៃប្រទេសទាំងពីរ ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងចិន នឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយឆ្ពោះទៅរកការអភិវឌ្ឍរួម និងវិបុលភាពរួមក្នុងយុគសម័យថ្មីជាក់ជាមិនខាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print