លោក ឃួង ស្រេង និងមន្ដ្រីរាជការសាលារាជធានីភ្នំពេញ ចូលរួមស្រង់ព្រះនៅវត្ដភ្នំ ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកស្រី​ ព្រមទំាងក្រុមគ្រួសារ និងមន្រ្តីរាជការក្រោម ឱវាទសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទីបី ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានអញ្ជើញចូលរួមស្រង់ព្រះជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅរម្មណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលជាទីកន្លែងប្រារព្ធពិធីសង្ក្រាន្តវត្តភ្នំដែលរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ។

     ព្រះពុទ្ធរូបដែលបានយកមករៀបចំធ្វើពិធីស្រង់ព្រះនៅសង្រ្កាន្តវត្តភ្នំនេះ ត្រូវបានដង្ហែរចេញពីវត្ត ឧណ្ណាលោម ក្រោមការដង្ហែរដោយផ្ទាល់ពីសម្តេចព្រះមហាអរិយវង្ស យ៉ត សេងយៀក ព្រះចៅអធិការវត្តឧណ្ណាលោម និមន្តអមដំណើរដោយ ព្រះសង្ឃ យាយជីតាជី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ព្រមទំាងក្រុមគ្រួសារ មន្រ្តីរាជការក្រោមឱវាទសាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋពុទ្ធបរិស័យចូលរួម យ៉ាងច្រើនកុះករ។

ពិធីស្រង់ព្រះនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំបានប្រព្រឹត្តិទៅយ៉ាងអធឹកអធម តាមកន្លងប្រពៃណី សាសនា ប្រកប ដោយស្នាមញញឹម ភាពស្និតស្នាល និងសប្បាយ រីករាយ ក្រោមម្លប់នៃសុខសន្តិភាព។ 

      ពិធីស្រង់ព្រះត្រូវបានចាត់ទុកជាពិធីដ៏សប្បាយរីករាយមួយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយសារតែមនុស្សម្នាបានជួបជុំគ្នាស្រង់ព្រះនៅឯទីវត្តអារាម ឬស្រង់ព្រះរស់ដែលជាអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ នៅតាមគេហដ្ឋាន ឬនៅក្នុងភូមិជាដើម។

ពិធីស្រង់ព្រះនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣នៃពីធីបុណ្យចូលឆ្នាំ ដើម្បីបង្ហាញពីភាពត្រជាក់ត្រជុំ និងសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ និងសម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះអ្នកមានគុណ ដោយលាងជម្រះនូវបាបកម្មទាំងឡាយដែលបានប្រព្រឹត្តិកាលពីឆ្នាំចាស់ ហើយទទួលយកមកវិញនៅពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ។

      សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយះពេល៣ថ្ងៃពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា ដោយឡែកតំបន់ Walk Street មាត់ទន្លរមានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ទី១២ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយបាន រៀបចំកម្មវិធីសាសនា និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ៕. 

...

      ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print