លោកហ៊ុន ម៉ានី អញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់

ចែករំលែក៖

ខេត្តសៀមរាប÷នាវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃវារឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។

ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ។ 

ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនរំលងឡើយ។ ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី និងទឹកអប់ យកមកស្រង់ព្រះពុទ្ធបដិមា, អ្នកមានគុណ, អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក និងទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំនាឱកាសឆ្នាំថ្មី។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានប្រមូលផ្តុំមិនត្រឹមតែកម្មវិធីកម្សាន្តសប្បាយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកម្មវិធីសាសនា ស្របតាមលំអាននៃប្រពៃណី និងទំនៀម ទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន ដែលប្រជាពុទ្ធបរិស័ទ លោក យាយ លោកតា ក៏ដូចជាយុវជន បានចូលរួមធ្វើបុណ្យរួមគ្នា ក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីទៀតផង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print