ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង៖ អំពាវនាវឱ្យប្រកាន់ខ្ជាប់ពហុភាគីនិយម និងនីតិរដ្ឋ ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍

ចែករំលែក៖

កូឡាឡាំពួរ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥​ថា​៖​ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន​ បានអំពាវនាវឱ្យមានការគាំទ្រដល់ប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ ពាណិជ្ជកម្មពហុភាគី និងនីតិរដ្ឋ ខណៈលោកកំពុងបន្តដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។

លោកប្រធានាធិបតី​ចិន​ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ជាផ្នែកនៃដំណើរទស្សនកិច្ច៣ប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមានវៀតណាម និងកម្ពុជា បាននិយាយនៅក្នុងអត្ថបទមួយដែលចេញផ្សាយដោយកាសែត The Star របស់ម៉ាឡេស៊ីកាលពីថ្ងៃអង្គារថា ប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ និងគាំទ្រដោយច្បាប់អន្តរជាតិ គឺសំខាន់ណាស់ដើម្បី «លើកកម្ពស់អភិបាលកិច្ចសកលដែលប្រកបដោយយុត្តិធម៌ និងសមធម៌»។ លោកបានបន្ថែមថា «យើងត្រូវតែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី រក្សាស្ថិរភាពឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជារក្សាបរិយាកាសអន្តរជាតិ នៃការបើកចំហនិងកិច្ចសហប្រតិបត្តិការ»។

ការអត្ថាធិប្បាយរបស់លោក ស៊ី នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយខ្ពស់លើប្រទេសនានាទូទាំងពិភពលោក ក្នុងនោះរួមមាន ចិនដែលអាចប្រឈមនឹងពន្ធគយរហូតដល់ ២៤៥% ហើយម៉ាឡេស៊ីក៏បានប្រឈមនឹងពន្ធ ២៤% ផងដែរ មុនពេលមានការផ្អាកជាបណ្តោះអាសន្ន។ គោលនយោបាយ «អាមេរិកជាធំ» របស់លោក ត្រាំ ក៏បាននាំឲ្យមានការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក និងការកាត់បន្ថយជំនួយអន្តរជាតិ ខណៈដែលចិនអះអាងថា ខ្លួនកំពុង «រុះរើជញ្ជាំង» និងពង្រីកដៃគូពាណិជ្ជកម្ម។

...

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរក្សា និងពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print