ខេត្តមណ្ឌលគិរី ៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ២៤,៩១២នាក់ ក្នុងនោះ ទេសចរជាតិ ២៤,១១៨នាក់ និងទេសចរបរទេស ៧៩៤នាក់ ដែមកទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ ក្នុងខេត្ត មណ្ឌលគិរី ម្យ៉ាងទៀត អាកាសធាតុ នារសៀលថ្ងៃទី៣ មានភ្លៀងរលឹមបង្កើនការសប្បាយរីករាយដល់សង្រា្កន្តមណ្ឌលគិរី ជាពិសេស នៅតំបន់ត្រជាក់ចិត្ត និងនៅតាមផ្ទះប្រជាពលរដ្ឋ នេះបើតាមរបាយការណ៍របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តមណ្ឌលគិរី ២០២៥» ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ក្នុងគោលបំណង បង្កើតនូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីចូលរួមផ្សព្វ ផ្សាយវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានរៀបចំកម្មវិធីសិល្បៈ ការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ ការប្រគុំតន្ត្រីរាំលេងកម្សាន្តនាពេលរាត្រី ការរៀបចំតំបន់ត្រជាក់ ចិត្តសម្រាប់បងប្អូនមកលេងទឹកកម្សាន្ត ការបាញ់កាំ ជ្រួច ពិធីស្រង់ព្រះនៅវត្តសែនមនោរម្យ ព្រមទាំងមាន ការរៀបចំតុបតែងភ្លើងលម្អចម្រុះពណ៌ ប្រកបដោយសោភ័ណភាពនៅតាមទីតាំងសំខាន់ៗនានា ក្នុងក្រុងសែនមនោរម្យ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេល៣ថ្ងៃនេះ កងកម្លាំងសមត្ថកិច្ច រួមទាំងប្រជាការពារ ក្នុងការជួយសម្រួលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរ នៅតាមតំបន់ទេសចរណ៍ និងគោលដៅសំខាន់ៗ ហើយក៏មានក្រុមគ្រូពេទ្យប្រចាំការ ក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត ឫមានបញ្ហាដោយប្រការណាមួយ បានទាន់ពេលវេលា។
ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត នៅសង្រ្កាន្តមណ្ឌលគិរី និងនៅតាមតំបន់ទេសចរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីបង្កភាពសប្បាយរីយ និងចូលរួមផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ជាពិសេស បង្ហាញពីសក្តានុពលនៃការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្ត។
ឳកាសនោះលោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរអង្ភភាព និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី អាជ្ញាធរក្រុងសែនមនោរម្យ រួមទាំងអាជីវករ ដែលបានសហការគ្នា ក្នុងការរៀបចំសង្រ្កាន្តមណ្ឌលគិរី និងតុប តែងភ្លើងលម្អ នៅក្រុងសែនមនោរម្យ មានសោភណ្ឌភាពស្រស់ស្អាត ជាពិសេស ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរី ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ហើយក៏សូមឲ្យការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពផងដែរ៕