ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាអនុគណៈកម្មការចំណុះផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃដំណើរការរៀបចំ ដែលបានផ្ដល់ជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដើម្បីជំរុញបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក។
លោកប្រធានគណៈកម្មការ បានលើកទឹកចិត្ត និងជំរុញដល់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ឱ្យប្រឹងប្រែង សម្រេចបញ្ចប់ភារកិច្ចការងារដែលបានដាក់ជូនឱ្យបានល្អប្រសើរ ដើម្បីញ៉ាំងឱ្យកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបជូនថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតថ្មីនេះ មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា៕
ដោយ ៖ សិលា