* ព្រាត់បង ព្រាត់ឪ :
មកដល់សហករណ៍ភ្លាម ក្រុមគ្រួសាររបស់ តាស៊ុន ត្រូវបានអង្គការចាត់តាំងឲ្យទៅរស់នៅឯភូមិដែលមានដាក់តែប្រជាជនថ្មី។ តាស៊ុន ពូសម បានចាត់ចែងរៀបចំដាំបង្គោលដើម្បីសាងសង់ខ្ទមសម្រាប់ថ្នាក់នៅ។ នាវេលាយប់អធ្រាត្រ ម៉ោងប្រហែល១ទៀបភ្លឺ កងឈ្លបបានមកដល់ខ្ទមតាស៊ុនរួចសួរថា
” តើមិត្តមួយណាឈ្មោះ ស៊ុនអង្គការត្រូវការជាបន្ទាន់ភ្លាម? ។ នៅក្នុងចិត្តរបស់ តាស៊ុន គិតទុករួចជាស្រេចហើយថា ប្រាកដជាអង្គការយកគាត់ទៅសួរ ធ្វើបាប ឬសួរចម្លើយចាក់ជាមិនខាន។ តាស៊ុន មិនហ៊ានប្រកែកក៏សម្រេចចិត្តទៅជាមួយកងឈ្លប។ មកដល់ទីស្នាក់ការកម្មាភិបាលខ្មែរក្រហមព្រែកហូរភ្លាម តាស៊ុនត្រូវបានកងឈ្លបចាប់ចងដៃនឹងខ្សែ ហើយមានកម្មាភិបាលម្នាក់សួរទៅកាន់ តាស៊ុន ជាភាសាបារាំងថា Etes-vous un efficier ou pas? តាស៊ុន តបទៅវិញភ្លាមៗថា” សុំទោសលោកខ្ញុំអត់ចេះស្ដាប់ទេ ” ។
គ្រាន់តែឮដូច្នេះ កម្មាភិបាលខ្មែរក្រហមនោះបានលើកយករូបថត តាស៊ុន ពាក់ផ្កាយមួយដែលជាមេបញ្ជាការកងយោធា។ តាស៊ុន ឃើញដូច្នោះ ខំប្រឹងអង្វរលោកធំ តែទោះជាយ៉ាងណាពួកកម្មាភិបាលខ្មែរក្រហមមិនព្រមស្ដាប់ដោយសំអាងថា មិត្តឯងក្បត់នឹងអង្គការដោយហ៊ានកុហកព្រមទាំងមានភាពពុំស្មោះត្រង់ជាមួយអង្គការ។ បន្ទាប់មកពួកកម្មាភិបាលខ្មែរក្រហមបានបញ្ជាឲ្យកូនយកទៅកសាង។
កសាងៗ ប៉ុន្តែតាមធាតុពិតគឺយកទៅសម្លាប់ចោលសោះ។ នៅវេលាយប់នោះ តាស៊ុនបានលាចាកលោកទៅយ៉ាងអាណោចអាធ័មជាទីបំផុតនៅកណ្ដាលវាលស្រែក្នុងជង្ហុកឆ្អឹង ។ចំណែកយាយ សយ ឯណេះវិញពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹងរង់ចាំតែផ្លូវប្ដីដោយក្នុងចិត្តរបស់គាត់នឹករលឹកដល់ប្ដីជាពន់ពេក។ទោះជាយ៉ាងណាក៏ដោយយាយសយ បានព្យាយាមធ្វើចិត្ត និងពុំហ៊ានមាត់កអ្វីទាំងអស់។
កន្លងផុតបានរយៈពេលប្រហែលមួយអាទិត្យ កងឈ្លបមួយក្រុមដែលមានគ្នាចំនួន ៣ នាក់ បានមកម្ដងទៀត។ លើកនេះកងឈ្លបសួររក ពូសម វិញម្ដង។ ពេលឃើញដូច្នោះ ពូសមព្យាយាមរត់គេចទៅសហករណ៍ដទៃ ប៉ុន្តែទោះខំគេចយ៉ាងណាក៏ដោយ ពូសម ពុំអាចរត់គេចខ្លួនពីខ្មែរក្រហមបានឡើយ។ ពេលដែលពួកខ្មែរក្រហមបានឃើញ ពូសម គេចាប់ចងគាត់នឹងខ្សែនីឡុងហើយគ្របក្បាលគាត់នឹងថង់រួចសម្លាប់គាត់នឹងចបទម្លាក់ចូលក្នុងទំនប់ប្រឡាយ ដែលមើលទៅមានសភាពគួរឱ្យអាណិតជាពន់ពេក ព្រោះពូសមស្លាប់ទាំងប្រកាច់ និងម្យ៉ាងទៀតគាត់ស្លាប់ទៅទាំងពុំទាន់មានប្រពន្ធកូននៅឡើយទេ។
ចំណែកយាយ សយ និងមីងចំរើន ព្រមទាំងទារិកាកម្សត់ឯនោះវិញ គួរឱ្យអនិច្ចាអាណិតជាពន់ពេក។ ម្ដាយចាស់ កូនខ្ចី ក្មេងទើបតែនឹងកើតមិនដឹងទៅពឹងពាក់អ្នកណាបាន ក៏ទ្រាំរស់ដោយមិនតបតនឹងអ្វីទាំងអស់។
*សុខទុក្ខរបស់ខ្ញុំនៅក្នុងរបបយង់ឃ្នង :
ពីរឆ្នាំកន្លងទៅ ទារិកាតូចក៏ចេះដើរបានតិចៗ ហើយអាចបៅទឹកបបរបានខ្លះៗដែរ។ យាយសយនិង មីងចំរើន បានរួចខ្លួនពីការតាមប្រមាញ់សម្លាប់ ដោយសារតែមានអ្នកមូលដ្ឋានចាស់ម្នាក់ជួយការពារដោយយកលេសថាខ្លួននឹងស្រី្តទាំងពីរនាក់នោះ គឺជាសាច់ញាតិនឹងគ្នា ហើយយាយសយ បាននិយាយកុហកទៅអង្គការទៀតដែរថា គាត់ កូន និងចៅ ជាគ្រួសារក្រីក្រដើរលក់តែនំគម នំអន្សម និងនំអាកោ បន្តិចបន្តួចតែប៉ុណ្ណោះ។ ខណៈនោះទាំងយាយ សយ មីងចំរើន និងកូនតូចត្រូវបានអង្គការផ្លាស់ឲ្យទៅនៅសហករណ៍ថ្មីនៅឯព្រែកកំពឹសវិញ។
នៅក្នុងសហករណ៍ មីងចំរើនធ្វើការងារនៅក្នុងក្រុមកងចល័តស្ត្រី ដែលគាត់ត្រូវរែកដី លើកទំនប់ ជួនធ្វើស្រែ ស្ទូង ច្រូតស្រូវ ហើយពេលខ្លះទៀតគាត់ត្រូវទៅជួយដាំពោតសណ្ដែក និងដំឡូងជាដើម។ រីឯយាយ សយ និងកូនតូច ត្រូវនៅផ្ទះដោយហេតុថា យាយសយ មានវ័យចំណាស់ រីឯក្មេងតូចជួយអីមិនបានទើបខ្មែរក្រហមមិនប្រើឲ្យធ្វើការទេ។
ពេលព្រឹកព្រលឹមពុំទាន់ ហ្វូងមនុស្សឈរតម្រៀបគ្នាជាជួរចាំយករបបអាហារដែលមានតែបបររាវដូចទឹកទន្លេ មានតែអង្ករបួនដប់គ្រាប់តែប៉ុណ្ណោះ។ទោះជាយ៉ាងណា អ្នកទាំងអស់នៅតែពុំហ៊ានប្រកែកតវ៉ា សុខចិត្តធ្មេចភ្នែកហូបតែបបរនោះ ដោយគិតថា បើមិនស៊ីគឺត្រូវស្លាប់។ចំណែកឯ មីងចំរើន វិញ នៅពេលដែលគាត់ត្រូវមេកងចល័តចាត់ឲ្យទៅមើលពោត ឬទៅកាច់ពោត គាត់តែងតែលួចលាក់ពោតដាក់សៀតនៅនឹងចង្កេះយកមកឲ្យម្ដាយស្ងោរក្នុងកំសៀវទឹកក្តៅទុកគ្រាន់ហូបបន្ថែមពីលើបបរនោះ។
នៅក្នុងឆ្នាំ ១៩៧៧ មីងចំរើន ត្រូវបានប្រធានកងចល័តបង្គាប់ឲ្យទៅជួប។ ពេលនោះទាំងមីងចំរើន និង យាយសយ មានចិត្តភ័យជាពន់ពេក ហើយនៅរំពេចនោះកូនតូចក៏បន្លឺសំឡេងយំឡើង។ មីងចំរើន ជាម្ដាយថើបកូនតូច និងដើរទៅតាមក្រុមឈ្លបដែលមកហៅគាត់។
កណ្ដាលរាត្រី មីងចំរើន និងសមមិត្តដទៃៗ ទៀតបានមកដល់ស្នាក់ការរបស់កម្មាភិបាលខ្មែរក្រហម។ ពេលនោះ អង្គការបានចាប់ផ្សំផ្គុំគ្នាដោយមានប្រហែល ៣០ ទៅ ៤០ គូ។ ក្នុងការផ្សំផ្គុំនោះក៏មាន ចំរើន ដែរ។ ក្នុងចិត្តរបស់មីង ចំរើន ដំបូងឡើយស្មានតែអង្គការចាប់ខ្លួនយកទៅសម្លាប់ដូចបង និងឪពុករបស់គាត់ ប៉ុន្តែតាមធាតុពិតអង្គការបានយកគាត់មកផ្សំផ្គុំឲ្យរៀបការទាំងបង្ខំបែបនេះទៅវិញ។ នៅពេលនោះ មីងចំរើន ត្រូវបានអង្គការជ្រើសរើសផ្សំផ្គំជាមួយសមមិត្ត ចន ដែលជាអ្នកមានគុណមកលើខ្លួន និងម្ដាយ។ មីងចំរើន ពុំដែលគិតចង់រៀបការជាមួយសមមិត្តចនដែលគាត់ចាត់ទុកត្រឹមតែជាបងប្រុសនោះទេ។ មីងចំរើន មានស្វាមីភ័ក្តិចំពោះតែ ពូផា ដែលជាប្ដីរបស់គាត់តែម្នាក់ប៉ុណ្ណោះ។ រីឯពូចន វិញ គាត់ក៏គិតដូចចំរើនដែរ។ ពូ ចន ត្រឹមតែចាត់ទុកមីងចំរើនជាប្អូនស្រីតែប៉ុណ្ណោះ។
ទោះជាអ្នកទាំងពីរពុំបានស្រឡាញ់គ្នាក៏ដោយ អ្នកទាំងពីរត្រូវតែរៀបការទាំងបង្ខំចិត្ត ដោយសារតែនេះជាការគាបសង្កត់របស់អង្គការ។ បើប្រឆាំងគឺត្រូវស្លាប់។ (នៅមានត)