កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងជំនួបរវាងកម្ពុជា-ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ។ បើយោងតាមលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរ ទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការ ហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែ លម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។

ភាគីចិនបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង ល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។

ចំពោះសន្តិសុខមនុស្សជាតិ ភាគីទាំងពីរបានទទួលស្គាល់ការគំរាមកំហែងជាសកលដែលបង្ក ឡើងដោយការប្រែប្រួលអាកាសធាតុ ហើយប្តេជ្ញាពង្រឹងការការពារបរិស្ថាន ជំរុញកិច្ចសហការ ថាមពលស្អាត រួមមានវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងថាមពលខ្យល់។ កម្ពុជាបានវាយតម្លៃ ខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ចិន ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ឧបករណ៍បោស សម្អាតមីន ដើម្បីជួយកម្ពុជាឱ្យសម្រេចគោលដៅកម្ពុជាមិនទទួលរងផលប៉ះពាល់ពីមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។ ភាគីទាំងពីរបានឯកភាពលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ផ្នែកឱសថបុរាណ ការគ្រប់គ្រងវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្ត្រ ការគ្រប់គ្រងជំងឺ និងវិស័យសុខាភិបាលផ្សេងៗ រួមទាំងការគាំទ្រផ្នែកសង្គ្រោះបន្ទាន់។

ចំពោះការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ ភាគីចិនបានសន្យា ផ្ដល់ អាហារូបករណ៍ បន្ថែមទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើនការងារ និងលើកកម្ពស់ សហគ្រិន ភាព។ ភាគីទាំងពីរបាន ឯកភាព កំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំ ទេសចរណ៍ កម្ពុជា -ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹង រួម គ្នា អភិវឌ្ឍន៍ វិថី ទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក សុវត្ថិភាពទេសចរណ៍។ ភាគីទាំងពីរនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញកម្មវិធីអភិរក្ស និងស្តារព្រះ បរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជាប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។ លើសពី នេះ ភាគីទាំងពីរនឹងបង្កើតយន្តការដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់រវាងនាយកដ្ឋានកិច្ចការ យុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន។

ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង សកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ ភាគីកម្ពុជា បានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងបានកោតសរសើរចំពោះការប្តេជ្ញារបស់ចិន ក្នុងការអនុវត្តតំបន់បើកចំហ លើកកម្ពស់មជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ការកសាងសហគមន៍វាសនារួមអាស៊ាន-ចិន និងសហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។

ភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដែលមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ចំនួនឯកសារនេះមិនរាប់ បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ការសាងសង់រោងចក្រ ថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែក។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមជាសាកលទាំងបីនឹងត្រូវចេញផ្សាយនៅចុងបញ្ចប់ នៃទស្សនកិច្ច។

សូមបញ្ជាក់ថា ៖ តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ី ជីនពីង បានចូលថ្វាយបង្គំ គាល់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និង សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ឯកឧត្តម បានមានជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះកម្ពុជា-ចិន ស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print