ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ ខេត្ត កំពង់ ឆ្នាំង រវល់ រៀបចំ សង្ក្រាន្ត ឆ្នាំ ថ្មី ឈ្មួញ ព្រហើនពេកហើយ ឈានដល់ហ៊ានចាក់ ដីចូល ទន្លេ រហូត ៧០ម៉ែត្រ ក្រោមហេតុផលនេះ ហេតុផលនោះ ។ ឥលូវ អាជ្ញាធរ ខេត្ត និង មន្ទីរ ធនធាន ទឹក និងឧតុនិយមកំពុង ដោះស្រាយ ។
សូមបញ្ជាក់ថា ៖ ឈ្មួញចាក់ដីលុបទន្លេសាបចូលជ្រៅ៧០ម៉ែត្រ អាជ្ញាធរខេត្ត និងមន្ទីរធនធានទឹកកំពុងដោះស្រាយ ដែលគេរំពឹងថា មិនត្រូវយោគយល់ឡើយរាល់សកម្មភាពបំពានច្បាប់។
សូមជម្រាបថា ៖ ដីគ្រួសក្រហមរាប់រយឡាន ត្រូវបានឈ្មួញម្នាក់ដឹកចាក់លុបទន្លេសាបប្រវែង៧០ម៉ែត្រ ចូលជ្រៅទៅក្នុងទន្លេ ដើម្បីការពារម៉ាស៊ីនបូមទឹកស្អាតកុំអោយមានកំប្លោកហូរចូល។ ពាក់ព័ន្ធនឹងការចាក់ដីលុបចូលក្នុងទន្លេសាបនេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានបញ្ជាក់ថា ខាងក្រុមហ៊ុនទឹកស្អាតបានដាក់ពាក្យស្នើសុំកាយជាអាងក្នុងទន្លេប្រវែង២០ម៉ែត្របួនជ្រុង តែលោកមិនព្រមទេ។ ក្នុងករណីនេះ គេបានរាយការណ៍មកថា ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ អ្នកកាសែតជាច្រើនបានសួររឿងចាក់ដីលុបចូលទន្លេនោះ ទើបលោកភ្ញាក់ និងបានទៅវាស់មើលភ្លាម ឃើញថាឈ្មួញបានចាក់ចូលក្នុងទន្លេដល់ទៅប្រវែង៧០ម៉ែត្រឯណោះ។
លោក អឿ សារឿន បន្តថា៖ កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុនលក់ទឹកស្អាតក្នុងក្នុងកំពង់ឆ្នាំង បានសុំគាត់ជីកដីបាតទន្លេធ្វើជាស្រះទឹកទំហំ២០ម៉ែត្រគុណ២០ម៉ែត្រ ដើម្បីការពារម៉ាស៊ីនបូមទឹក តែលោក អឿ សារឿន មិនព្រមអោយ ហើយគាត់បានអោយក្រុមការងារចំរុះ ចុះពិនិត្យមើលថែមទៀតផង។ ស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ក៏មានអ្នកកាសែតកន្លងទៅ ក៏សួរនាំគាត់ពីការចាក់ដីចូលទន្លេសាប តែគាត់មិនបានដឹងទាល់តែសោះថា ក្រុមហ៊ុននោះអាងអ្វីបានជាចាក់ដីចូលទន្លេសាប រហូតដល់៧០ម៉ែត្របែបនេះ។ ពេលនេះគាត់បានរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយមរួចហើយ នឹងរង់ចាំខាងក្រសួង និងអាជ្ញាធរខេត្តចំណាត់ការតែប៉ុណ្ណោះ។
ដោយឡែកលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយអ្នកកាសែតដឹងតាមតេលេក្រាមថា៖ ក្រុមហ៊ុនទឹកស្អាត បានសុំមកលោកជីកស្រះយកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែលោកបានអោយក្រុមហ៊ុនទឹកស្អាតនោះ ស្នើសុំទៅខាងមន្ទីរក្រសួងធនធានទឹក និងមន្ទីរក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យបច្ចេកទេស ។ លោកមិនបានដឹង ក្រុមហ៊ុនចាក់ដីចូលទន្លេនោះឡើយ ព្រោះរវល់រៀបចំពិធីចូលឆ្នាំថ្មី។
ប្រជាពលរដ្ឋងឿងឆ្ងល់ថា៖ ក្រុមហ៊ុនបានដឹកដីចាក់ចូលទន្លេសាប នៅចំណុចផែថ្មី ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ជាប់នឹងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហេតុអ្វីក៏អាជ្ញាធរដែនដី អាជ្ញាធរក្រុង កំពង់ឆ្នាំងជាដើមមិនឃាត់ ទុកអោយក្រុមហ៊ុនទឹកស្អាត ចាក់ដីចូលទន្លេសាបតាមចិត្ត គ្មានអ្នកឃាត់សួរនាំនោះឡើយ។ ពេលអ្នកកាសែតសួរនាំ បានឆ្លើយថាមិនដឹង? ម្យ៉ាងទៀត ថាតើនៅក្នុងសៀវភៅបន្ទុកដែលក្រុមហ៊ុនបានធ្វើកិច្ចព្រមព្រៀងជាមួយមន្ទីរជំនាញ និងអាជ្ញាធរនោះ បានចែងអោយចាក់ដីលុបទន្លេ ដើម្បីបានទឹកស្អាតមកប្រើប្រាស់ ជាប្រយោជន៍ខ្លួនឬយ៉ាងណា? ។ សូមលោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ទីរធនធានទឹក មេត្តាអោយក្រុមហ៊ុនជីកយកដីឡើងមកវិញអោយអស់ អោយដូចករណីចាក់ថ្មចូលទន្លេមេគង្គកាលពីប៉ុន្មានឆ្នាំមុន ព្រោះទន្លេសាបផ្សាក្រោមនេះ បាននិងកំពុងរីងរាក់ តែឈ្មួញចេះតែធ្វើមិនបានគិតពីផលប៉ះពាល់ដល់ចរាចរត្រី ចរន្តទឹក និងបញ្ហាផ្សេងៗទៀតនោះឡើយ។ សម័យវះកាត់ហើយ គប្បីចាត់ការតាមវិធានការច្បាប់ ខណៈឈ្មួញដូចជាព្រហើនបំផុត ! ឬមួយអាជ្ញាធរ និងជំនាញដឹងដែរ តែមិនដេកធ្វើជាដេកលក់ ? ខ្មាសប្រជាពលរដ្ឋផង ព្រោះគាត់ទើសភ្នែកពេក ៕
ដោយ ៖ សិលា