ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាបបានកោតសរសើរ ព្រមទាំងបង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈជាទីបំផុត ចំពោះការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ រួមទាំងសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ការកោតសរសើរនេះបានធ្វើឡើងបន្ទាប់ពីខេត្តសៀមរាប បានទទួលការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់។
ជាក់ស្តែងក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលមកទស្សនាកម្សាន្តចំនួនប្រមាណ ២,៧៥២,៨១៨ នាក់ ក្នុងនោះរួមមានភ្ញៀវទេសចរអន្តរជាតិប្រមាណចំនួន ១២,៨១៨នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ២,៧៤០,០០០នាក់ ស្របពេលដែលខេត្តសៀមរាបមានកម្មវិធីធំៗជាច្រើនទៀតបន្ថែមពីកម្មវិធីអង្គរសង្រ្កាន្ត ក្នុងនោះមានព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត។
តាមរយៈទំព័រហ្វសប៊ុកផ្លូវការ នាថ្ងៃទី១៨ ខែមេសានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុគណៈកម្មការនីមួយៗ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំ និងសម្របសម្រួលបានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសម្រួលចរាចរណ៍ដែលមិនឱ្យមានការកកស្ទះយូរ និងបានការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ទាំងការងារសម្អាតអនាម័យបរិស្ថាន បានយកអស់កម្លាំងកាយចិត្តក្នុងការសម្អាត ដឹកយកកាកសំណល់ចេញបានទាន់ពេលវេលា ដែលធ្វើឱ្យអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពោពេញដោយសោភណភាពល្អប្រសើរ។
សូមបញ្ជាក់ផងដែរថាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បើតាមលោក ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់គណៈបញ្ជាឯកភាពខេត្ត លោករៀបចំកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តជាង២ពាន់នាក់ បូករួមទាំងកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍សរុបទាំងអស់ជាង៣ពាន់នាក់ ដែលមាន១៥ស្ថាប័ន នៃអង្គភាពដែលពាក់ព័ន្ធចំណុះគណៈបញ្ជាការឯកភាពខេត្ត គឺបានត្រៀមខ្លួនក្នុងការការពារសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ ទាំងពេលយប់និងពេលថ្ងៃ ពោលគឺ២៤លើ២៤ម៉ោងនៅគ្រប់គោលដៅទាំងអស់៕
ដោយ ៖ លោក សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្រសួងមហាផ្ទៃ