ភ្នំពេញ៖ ជនសង្ស័យ៤នាក់ដែលជិះម៉ូតូ២គ្រឿង បានឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយថែមទាំងធាក់ម៉ូតូផ្លូលទៀត បណ្តាលឲ្យនារីរងគ្រោះដួលបោកក្បាលទៅនិងថ្នល់រងរបួសធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះសីុសុវត្ថិ ខាងត្បូងព្រះអង្គដងកើប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះ អ៊ុំ កញ្ញា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅជិតសាកលវិទ្យាល័យការពារជាតិ(សាលាដែក) សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើត ឃុំសៀមរាប ស្រុកសៀមរាបខេត្តសៀមរាប ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្សុយគី ស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1O-9197 ចំណែកជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកនិងស្លាកលេខ ឆក់បានទូរស័ព្ទមួយគ្រឿងម៉ាក សាមសុង ។
តាមសាក្សីដែលបានឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវព្រះសីុសុវត្ថិក្នុងទិសដៅពីត្បូងទៅជើងដោយដៃកាន់ទូរស័ព្ទនិយាយផង ពេលមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទយកទៅបានសម្រេច។ ភ្លាមៗនោះជនសង្ស័យបានស្រែកថាចោរៗដើម្បីឲ្យគេជួយ ស្រាប់តែមានជនសង្ស័យ២នាក់ទៀតដែលចាំបិទគូថជិះមកពីក្រោយធាក់ម៉ូតូជនរងគ្រោះឲ្យដួលបណ្តាលបោកក្បាលរងរបួសធ្ងន់ ។ ចំណែកមិត្តភក្តិជនរងគ្រោះវិញបាននិយាយថា ជនរងគ្រោះធ្វើការនៅហាងមួយកន្លែងក្បែរទូតរុស្ស៊ី ហើយមុនពេលកើតហេតុគឺជនរងគ្រោះទើបតែចេញពីធ្វើការដោយជិះម៉ូតូត្រឡប់ទៅផ្ទះ មិនគួរណាជួបរឿងអកុសលបែបនេះទេ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិចឯកជន ចំណែកម៉ូតូត្រូវបានសម្ថកិច្ចយកទៅរក្សារទុកនៅប៉ុស្តិ៍ជ័យជំនះ ដើម្បីរង់ចាំបងប្អូនជនរងគ្រោះមកយកត្រឡប់ទៅផ្ទះវិញ ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...